យោងតាមប្រភពចំនួន៦ ដែលដឹងបញ្ហានេះបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១១ ធ្នូ) ថា សហរដ្ឋអាមេរិក កំពុងត្រៀមរៀបចំស្ទាក់ចាប់នាវាដឹកជញ្ជូនប្រេងរបស់វ៉េណេស៊ុយអេឡា បន្ថែមទៀត បន្ទាប់ពីការរឹបអូសនាវាដឹកប្រេងមួយគ្រឿងនៅសប្តាហ៍នេះ ខណៈទីក្រុងវ៉ាស៊ីនតោន បង្កើនសម្ពាធកាន់តែខ្លាំងលើប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro ។

ការរឹបអូសនេះគឺជាស្ទាក់ចាប់លើកដំបូងហើយលើនាវាដឹកផលិតផលប្រេង ឬនាវាដឹកប្រេង មកពីវ៉េណេស៊ុយអេឡា ដែលស្ថិតក្រោមទណ្ឌកម្មរបស់អាមេរិក ចាប់តាំងពីឆ្នាំ ២០១៩ មក។ ជំហាននេះក៏បានកើតឡើង នៅពេលអាមេរិក បង្កើនវត្តមានយោធាទ្រង់ទ្រាយធំនៅភាគខាងត្បូងការ៉ាអ៊ីប និងខណៈដែលលោកប្រធានាធិបតីអាមេរិក Donald Trump ជំរុញឱ្យលោក Maduro ចុះចេញពីតំណែង។

ប្រភពព័ត៌មានផ្នែកដឹកជញ្ជូនបាននិយាយថា សកម្មភាពចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិកនេះ បានធ្វើឱ្យម្ចាស់នាវា ប្រតិបត្តិករ និងភ្នាក់ងារដែនសមុទ្រដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនប្រេងឆៅរបស់វ៉ណេស៊ុយអេឡា មានការប្រុងប្រយ័ត្នខ្ពស់ ដោយមនុស្សជាច្រើនកំពុងពិចារណាឡើងវិញថា តើត្រូវធ្វើដំណើរចេញពីដែនទឹកវ៉េណេស៊ុយអេឡា តាមការគ្រោងទុកឬយ៉ាងណា។
ប្រភពព័ត៌មានបានបញ្ជាក់ថា អន្តរាគមន៍ដោយផ្ទាល់ ឬការរឹបអូនាវាបន្ថែមទៀតដោយសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងទុកនៅក្នុងសប្តាហ៍ខាងមុខ ដោយកំណត់គោលដៅលើនាវាដឹកប្រេងរបស់វ៉េណេស៊ុយអេឡា ឬក៏អាចជានាវាដឹកជញ្ជូនប្រេងពីប្រទេសដទៃទៀត ដែលត្រូវបានកំណត់គោលដៅដោយទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដូចជាអ៊ីរ៉ង់ ជាដើម៕

