អ៊ុយក្រែន៖ ដោយភ័យខ្លាចថា រុស្ស៊ីអាចវាយលុកចូលដល់រដ្ឋធានីនៅពេលណាមួយ ប្រជាជនអ៊ុយក្រែនជាច្រើនស្វែងរកទីជ្រកកោននៅស្ថានីយរថភ្លើងក្រោមដីក្នុងទីក្រុងគីវ។ នៅក្នុងស្ថានីយរថភ្លើងក្រោមដីពោរពេញទៅដោយក្រុមគ្រួសារ និងកុមារជជែកគ្នា និងបរិភោគអាហារ។

ប្រជាជនបាននាំយកសម្ភារៈសម្រាប់ដេកមានភួយ និងសម្ភារៈផ្សេងៗរួមទាំងសត្វចិញ្ចឹមមកជាមួយ ដោយក្តីសង្ឃឹមថាស្ថានភាពនឹងធូរស្រាលទៅវិញ។ ប៉ុន្តែទោះបីជាមានបរិយាកាសអ៊ូអរក៏ដោយ មនុស្សជាច្រើននឿយហត់ដោយសារព្រឹត្តិការណ៍ដ៏ខ្លាំងបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ហើយមើលទៅមានការបារម្ភចំពោះអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសរបស់ពួកគេ។

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសប្រតិបត្តិការយោធាពិសេសនៅក្នុងប្រទេសអ៊ុយក្រែន និងបានព្រមានប្រទេសផ្សេងទៀតថា ការប៉ុនប៉ងណាមួយដើម្បីជ្រៀតជ្រែកក្នុងសកម្មភាពរបស់រុស្ស៊ី នឹងនាំឱ្យមានផលវិបាកដែលមិនធ្លាប់ជួបប្រទះ។ សេចក្តីប្រកាសរបស់លោក ពូទីន ត្រូវបានអនុវត្តភ្លាមៗនូវការវាយប្រហារដោយគ្រាប់ផ្លោងនៅភាគខាងជើង ខាងកើត និងភាគខាងត្បូងប្រទេស រួមទាំងនៅទីក្រុងគីវ៕
អត្ថបទ៖ ប៊ុនថន