គ្រោះរញ្ជួយដីកម្រិត ៦,៧ រ៉ិចទ័រ បានវាយប្រហារតំបន់ភាគឦសានរបស់ប្រទេសជប៉ុន នៅថ្ងៃសុក្រ ទី១២ ខែធ្នូ នេះ ដែលជំរុញឱ្យមានការព្រមានពីរលកយក្សស៊ូណាមិ សម្រាប់រលកកម្ពស់រហូតដល់ ១ម៉ែត្រ ពីទីភ្នាក់ងារឧតុនិយមជប៉ុន (JMA)។

រញ្ជួយដីនៅថ្ងៃសុក្រនេះ ស្ថិតនៅកម្រិតទី៤ លើមាត្រដ្ឋានអាំងតង់ស៊ីតេរញ្ជួយដី ១-៧ របស់ជប៉ុន។ ពុំទាន់មានសេចក្ដីរាយការណ៍ពីអ្នករបួស ឬការខូចខាតណាមួយឡើយ។ ទីក្រុង Sendai ក្នុងខេត្តមីយ៉ាហ្គី ភាគឦសាន បានចេញបញ្ជាជម្លៀសនៅព្រឹកថ្ងៃសុក្រនេះ ហើយក្រុមមន្ត្រី ជំរុញឱ្យប្រជាជនដែលរស់នៅក្បែរឆ្នេរសមុទ្រ និងទន្លេដែលនៅជិតសមុទ្រ ជម្លៀសទៅទីទួលសុវត្ថិភាព។

រញ្ជួយដីនេះបានកើតឡើងនៅវេលាម៉ោងក្នុងស្រុក ១១:៤៤ នាទីព្រឹក នៅឆ្នេរសមុទ្រនៃខេត្ត Aomori មានជម្រៅ ២០គីឡូម៉ែត្រ។ គ្រោះធម្មជាតិចុងក្រោយនេះ បានកើតឡើង បន្ទាប់ពីរញ្ជួយដីដ៏ធំមួយកម្រិត ៧,៥ រ៉ិចទ័របានវាយប្រហារតំបន់ដូចគ្នានេះ កាលពីយប់ថ្ងៃចន្ទ កន្លងទៅ ដែលបណ្ដាលឱ្យមនុស្សរាប់សិបនាក់រងរបួស។
បន្ទាប់ពីរញ្ជួយដីកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ រដ្ឋាភិបាលជប៉ុន បានចេញការព្រមានពិសេសមួយដល់ប្រជាជននៅទូទាំងតំបន់ដ៏ធំទូលាយ រាប់ចាប់ពីខេត្តហុកកៃដូ នៅភាគខាងជើង រហូតដល់ឈីបា ភាគខាងកើតនៃទីក្រុងតូក្យូ ឱ្យស្ថិតនៅក្រោមការប្រុងប្រយ័ត្នចំពោះលទ្ធភាពដ៏ខ្ពស់ ដែលថា រញ្ជួយដីដ៏ខ្លាំងក្លាមួយអាចវាយប្រហារម្តងទៀតក្នុងរយៈពេលមួយសប្តាហ៍៕