បាល់ទាត់៖ ប្រទេសអ៊ុយក្រែនស្ថិតក្រោមការគំរាមកំហែង និងរងការវាយប្រហារពីសំណាក់ប្រទេសរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ បាល់ទាត់នៅជុំវិញទ្វីបអឺរ៉ុបជាពិសេសនៅការប្រកួតក្របខណ្ឌ UEFA Europa League និង Europa Conference League យប់មិញរួមមានក្លិបបាល់ទាត់កីឡាករ និងអ្នកគាំទ្រសុទ្ធតែបានបង្ហាញការគាំទ្រ និងស្នើឱ្យបញ្ឈប់សង្គ្រាមនៅអ៊ុយក្រែន។

កីឡាករជំរើសជាតិអ៊ុយក្រែន Ruslan Malinovskyi បានស៊ុតបញ្ចូលទី២ គ្រាប់ម្នាក់ឯងក្នុងជ័យជំនះរបស់ Atalanta ៣-០ នៅទឹកដី Olympiakos យប់មិញ និងបានអបអរសាទរដោយលើកដៃសំពះ និងលាត់អាវដែលមានសរសេរពាក្យមានន័យថា “បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន”។ Zenit St. Petersburg ជាក្លិបរុស្ស៊ីតែមួយគត់ដែលមានការប្រកួតម្សិលមិញនៅទឹកដី Real Betis ខណៈអ្នកគាំទ្រម្ចាស់ផ្ទះបានលើកទង់ជាតិអ៊ុយក្រែននៅក្នុងកីឡដ្ឋាន។ ចំណែកឯកីឡាករអ៊ុយក្រែនខ្សែការពារ Manchester City, Oleksandr Zinchenko បានបង្ហោះនៅលើបណ្តាញសង្គមពីការគាំទ្រប្រទេសរបស់ខ្លួន។
ជាមួយគ្នានោះដែរ មុនការប្រកួតដែល Barcelona យកឈ្នះនៅទឹកដី Napoli យប់មិញ កីឡាករក្រុមទាំងពីរបានឈររួមគ្នាលើកស្លាក “STOP WAR”។ មិនទាន់អស់នៅឡើយ អ្នកគាំទ្រក្លិបក្រូអាស៊ី Dinamo Zagreb បានលើកស្លាកពីការគាំទ្រប្រជាជនអ៊ុយក្រែនក្នុងកីឡដ្ឋានអំឡុងជ័យជំនះ ១-០ លើ Sevilla។ ក្លិបឆេក Slavia Prague បានពាក់អាវអ៊ុយក្រែនមុនការប្រកួតទល់នឹងក្លិបទួរគី Fenerbahce ក្របខណ្ឌ Europa Conference League យប់មិញ និងបានផ្តល់កាតព្វកិច្ចប្រធានក្រុមទៅខ្សែការពារអ៊ុយក្រែន Taras Kacharaba ផងដែរ៕
អត្ថបទ៖នាង សុភាវុធ