លោកប្រធានាធិបតី Donald Trump បានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ ទី ១១ ខែធ្នូ ថា ទីក្រុងវ៉ាស៊ីនតោននឹងចាប់ផ្តើមវាយប្រហារក្នុងពេលឆាប់ៗនេះ ដើម្បីទប់ស្កាត់ការដឹកជញ្ជូនគ្រឿងញៀនដែលដឹកចេញពីប្រទេសវ៉េណេស៊ុយអេឡាទៅកាន់សហរដ្ឋអាមេរិកតាមផ្លូវគោក។

លោក Trump បានគំរាមដដែលៗថានឹងចាប់ផ្តើមវាយប្រហារលើគ្រឿងញៀនដែលកំពុងត្រូវបានរត់ពន្ធតាមផ្លូវគោកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ យោងតាមរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Pete Hegseth បានឲ្យដឹងថា កងកម្លាំងអាមេរិក បានសម្លាប់មនុស្សចំនួន៦នាក់បន្ថែមទៀតនៅក្នុងការវាយប្រហារលើទូកដែលត្រូវបានចោទប្រកាន់ថារត់ពន្ធគ្រឿងញៀន នាំឱ្យចំនួនអ្នកស្លាប់សរុបក្នុងយុទ្ធនាការនេះ ដែលអ្នករិះគន់បានពិពណ៌នាថាជាការប្រហារជីវិតដោយខុសច្បាប់ កើនឡើងដល់៧៦នាក់។

ទីក្រុងវ៉ាស៊ីនតោន ក៏កំពុងត្រៀមស្ទាក់ចាប់នាវាដឹកជញ្ជូនប្រេងរបស់ប្រទេសវ៉េណេស៊ុយអេឡាបន្ថែមទៀត បន្ទាប់ពីការរឹបអូសនាវាដឹកប្រេងមួយគ្រឿងនៅសប្តាហ៍នេះ ខណៈបានបង្កើនសម្ពាធលើប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro ។
ចំណាត់ការនេះបានធ្វើឡើងនៅពេលដែលសហរដ្ឋអាមេរិកអនុវត្តការបង្កើនយោធាទ្រង់ទ្រាយធំនៅភាគខាងត្បូងតំបន់សមុទ្រការ៉ាអ៊ីប និងខណៈពេលដែលលោកTrump ធ្វើយុទ្ធនាការដើម្បីបណ្តេញលោក Maduro ចេញ។