ខណៈភាពតានតឹងផ្នែកយោធាកើនឡើងរវាងប្រទេសចិន និងប្រទេសជប៉ុន សេតវិមានបាននិយាយថា ខ្លួនមានបំណងរក្សាទំនាក់ទំនងមិត្តភាពជាមួយប្រទេសទាំងពីរ។ នេះត្រូវគេមើលឃើញថាជាការបញ្ជាក់ជាថ្មីនូវវិធីសាស្រ្ត "យកអាមេរិកជាធំ" "America First" ដោយដាក់ផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិកជាចម្បង ជាជាងការចូលឯកតោភាគីទៅខាងសម្ព័ន្ធមិត្តជប៉ុន។

យោងតាមសារព័ត៌មាន Reuters សេតវិមានបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី១១ខែធ្នូម៉ោងនៅអាមេរិក ថា លោកប្រធានាធិបតី Trump អាចរក្សាទំនាក់ទំនងការងារល្អជាមួយប្រទេសចិន និងសម្ព័ន្ធភាពដ៏រឹងមាំ ជាមួយប្រទេសជប៉ុនក្នុងពេលតែមួយ។ នេះគឺជាការឆ្លើយតបជាផ្លូវការលើកដំបូងរបស់រដ្ឋាភិបាលអាមេរិក ខណៈភាពតានតឹងរវាងចិន និងជប៉ុនបានកើនឡើងថ្មីៗនេះ។
លោកស្រី ការូឡាញ ឡេវីត (Karoline Leavitt) បាននិយាយថាលោកប្រធានាធិបតី Trump ក៏រក្សាទំនាក់ទំនងការងារល្អជាមួយប្រធានាធិបតីចិន លោក Xi Jinping ផងដែរ ដោយបន្ថែមថា ប្រធានាធិបតីជឿជាក់ថានេះជារឿងល្អដែលបម្រើផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិក ហើយសហរដ្ឋអាមេរិកគួរតែស្ថិតក្នុងជំហរមួយដើម្បីរក្សាសម្ព័ន្ធភាពដ៏រឹងមាំជាមួយជប៉ុន។
ជំហររបស់សេតវិមាននេះកំពុងបង្កើតរលកប្រតិកម្មបន្តិចបន្តួចស្របតាមស្ថានភាពថ្មីៗនេះនៅអាស៊ី-បូព៌ា។ បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi បានលើកឡើងពីលទ្ធភាពនៃការចូលរួមក្នុងព្រឹត្តិការណ៍ដែលមានការគំរាមកំហែងដល់កោះតៃវ៉ាន់ ដែលធ្វើឲ្យប្រទេសចិនខឹងខ្លាំង។
នៅសប្ដាហ៍នេះដែរ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានប្រាប់សមភាគីអាល្លឺម៉ង់នៅទីក្រុងប៉េកាំងថា ជប៉ុនកំពុងតែគំរាមកំហែងចិន ខាងផ្នែកយោធា ដែលមិនអាចទទួលយកបានទាល់តែសោះបន្ទាប់ពីទីក្រុងតូក្យូនិយាយថា យន្តហោះចម្បាំងរបស់ចិន បានតម្រង់រ៉ាដាទៅកាន់យន្តហោះយោធាជប៉ុន៕

