ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ បានចុះហត្ថលេខាលើក្រឹត្យស្តីពីបញ្ញាសិប្បនិម្មិត(AI) ដែលព្យាយាមទប់ស្កាត់ច្បាប់រដ្ឋមួយចំនួនដែលកំពុងកើនឡើងក្នុងការគ្រប់គ្រងបច្ចេកវិទ្យានេះជាមួយនឹងស្តង់ដារជាតិ។

លោក Trump បានប្រាប់អ្នកសារព័ត៌មាន អមដោយទីប្រឹក្សាជាន់ខ្ពស់ រួមទាំងរដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent ថា «យើងចង់មានប្រភពកណ្តាលមួយនៃការអនុម័ត»។
លោក David Sacks ទីប្រឹក្សាបញ្ញាសិប្បនិម្មិត(AI)របស់សេតវិមាន បាននិយាយថា ក្រឹត្យនេះនឹងផ្តល់ឱ្យរដ្ឋបាលរបស់លោកTrump នូវឧបករណ៍ដើម្បីរុញច្រាននិយ័តកម្មរបស់រដ្ឋដែល «ស្មុគស្មាញ» បំផុត។ លោកបាននិយាយបន្ថែមថា រដ្ឋបាលមិនប្រឆាំងនឹងច្បាប់គ្រប់គ្រងបញ្ញាសិប្បនិម្មិត(AI) និងសុវត្ថិភាពកុមារទេ។

ក្រុមហ៊ុន AI ធំៗ រួមមាន OpenAI ដែលជាអ្នកបង្កើត ChatGPT, ក្រុមហ៊ុនGoogleរបស់Alphabet និងង Meta Platforms ព្រមទាំងក្រុមហ៊ុន Andreessen Horowitz បាននិយាយថា រដ្ឋាភិបាលសហព័ន្ធ មិនមែនរដ្ឋទេ គួរតែធ្វើនិយ័តកម្មឧស្សាហកម្មនេះ។ ទោះជាយ៉ាងណា មេដឹកនាំរដ្ឋមកពីគណបក្សនយោបាយធំៗទាំងពីរបាននិយាយថា ពួកគេត្រូវការអំណាចដើម្បីដាក់របាំងការពារជុំវិញបញ្ហាបញ្ញាសិប្បនិម្មិត(AI)។