ប្រមុខអង្គការសុខភាពពិភពលោក(WHO) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ ថា លោកនៅតែសង្ឃឹមថា រដ្ឋបាលសហរដ្ឋអាមេរិកនឹងពិចារណាឡើងវិញនូវការសម្រេចចិត្តក្នុងការដកខ្លួនចេញពីស្ថាប័នមួយនេះនៅខែក្រោយ ដោយនិយាយថាការចាកចេញរបស់ប្រទេសនេះនឹងជាការខាតបង់សម្រាប់ពិភពលោក។

ក្នុងចំណាត់ការដំបូងរបស់លោកខណៈជាប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើក្រឹត្យដើម្បីដកខ្លួនចេញ ដោយនិយាយថាទីភ្នាក់ងារសុខភាពពិភពលោកមួយនេះ គ្រប់គ្រងពុំបានល្អជំងឺរាតត្បាត COVID-19 ហើយនៅកៀកប្រទេសចិនពេក។ ក្រឹត្យនេះនឹងចូលជាធរមាននៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។ ការសម្រេចចិត្តបែបនេះ បានបង្កើនការព្រួយបារម្ភអំពីកិច្ចសហប្រតិបត្តិការសកលលើការផ្ទុះឡើងនាពេលអនាគតណាមួយដែលអង្គការសុខភាពពិភពលោក(WHO) ជួយសម្របសម្រួលតាមរយៈនិយ័តកម្មសុខភាពអន្តរជាតិមួយចំនួន។

លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកនិយាយថា ការរិះគន់របស់សហរដ្ឋអាមេរិកចំពោះអង្គការនេះគឺមិនសមហេតុផលទេ ព្រោះស្ថាប័ននេះកំពុងដោះស្រាយរួមមានទាំងតាមរយៈកំណែទម្រង់កាត់បន្ថយការចំណាយផងដែរ។ ទាក់ទងនឹងការចោទប្រកាន់ពីការគ្រប់គ្រងមិនបានល្អនៃជំងឺរាតត្បាត លោកបាននិយាយថា យើងមានបទពិសោធន៍រួចហើយ។