ក្រសួងការបរទេសអ៊ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍ បានរិះគន់ការរឹតត្បិតកាន់តែខ្លាំងឡើងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកលើបុគ្គលិកនៃបេសកកម្មអចិន្ត្រៃយ៍របស់ខ្លួនប្រចាំអង្គការសហប្រជាជាតិ (UN) នៅទីក្រុងញូវយ៉ក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានអំពាវនាវឲ្យអង្គការសហប្រជាជាតិទប់ស្កាត់ «ការរំលោភលើសិទ្ធិស្របច្បាប់របស់អ៊ីរ៉ង់» ខណៈពេលដែលប្រឆាំងយ៉ាងដាច់អហង្ការចំពោះការសម្រេចចិត្តរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ក្នុងការទប់ស្កាត់ «ការបន្តសកម្មភាព» របស់បុគ្គលិកបីនាក់នៃបេសកកម្មអ៊ីរ៉ង់នៅទីក្រុងញូវយ៉ក។

ក្រសួងបានសង្កត់ធ្ងន់ថា៖«ការអនុវត្តការរឹតត្បិតយ៉ាងទូលំទូលាយលើកន្លែងស្នាក់នៅ និងការធ្វើដំណើរ របស់អ្នកការទូតអ៊ីរ៉ង់ ការរឹតបន្តឹងកាន់តែខ្លាំងឡើងលើគណនីធនាគាររបស់ពួកគេ និងការដាក់កម្រិតលើការទិញប្រចាំថ្ងៃរបស់ពួកគេ គឺជាសម្ពាធ និងការយាយីដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានធ្វើឡើង និងអនុវត្តដើម្បីរំខានដល់ការបំពេញកាតព្វកិច្ចធម្មតា និងផ្លូវច្បាប់របស់អ្នកការទូតអ៊ីរ៉ង់»។
ក្រសួងបានពិពណ៌នាអំពីការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកទៅលើសមាជិកបុគ្គលិកនៃបេសកកម្មអ៊ីរ៉ង់ថា ជា«ចំណុចសំខាន់នៃការបំពានច្បាប់ និងការរំលោភលើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក» ដែល«ធ្វើឲ្យមានការសង្ស័យលើសិទ្ធិរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការផ្តល់ទីតាំងអចិន្ត្រៃយ៍របស់ទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ»។
ក្រសួងការបរទេសអ៊ីរ៉ង់មិនបានបញ្ជាក់ថា ពេលណាដែលការរឹតបន្តឹង ត្រូវបានធ្វើឡើងនោះទេ។ ទោះជាយ៉ាងណាក៏ដោយ កាលពីខែកញ្ញា ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា ខ្លួនបានរឹតត្បិតការធ្វើដំណើររបស់អ្នកការទូតអ៊ីរ៉ង់ដែលចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក និងហាមឃាត់ពួកគេពីការដើរទិញអីវ៉ាន់នៅហាងលក់ដុំ និងទិញទំនិញប្រណីតៗ ជាផ្នែកមួយនៃយុទ្ធនាការ «សម្ពាធអតិបរមា» របស់សហរដ្ឋអាមេរិកប្រឆាំងនឹងរដ្ឋាភិបាលអ៊ីរ៉ង់៕