ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស បានសម្តែងឆន្ទៈក្នុងការពិភាក្សាអំពីការទម្លាក់អាវុធរបស់ខ្លួន ជាផ្នែកមួយនៃកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៊ីស្រាអែល ខណៈអ៊ីស្រាអែល វិញក៏បានបង្ហាញពីការត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចព្រមព្រៀងនេះ ដើម្បីឈានទៅដល់ដំណាក់កាលទីពីរនៃបទឈប់បាញ់នៅតំបន់ហ្កាហ្សា “ក្នុងពេលឆាប់ៗនេះ”។
ការវិវឌ្ឍដ៏ល្អចុងក្រោយបំផុតនេះ បានកើតឡើងបន្ទាប់ពីសារព័ត៌មាន Axios ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទៀត បានរាយការណ៍កាលពីសប្តាហ៍មុនថា ប្រធានាធិបតីអាមេរិក លោក Donald Trump មានគម្រោងប្រកាសឱ្យបានមុនបុណ្យណូអែលថា ដំណើរការសន្តិភាពហ្កាហ្សា នឹងឈានចូលដល់ដំណាក់កាលទីពីររបស់ខ្លួន "ឆាប់ៗនេះ"។

ក្នុងបទសម្ភាសន៍មួយនៅថ្ងៃទី៧ ខែធ្នូ លោក Bassem Naim សមាជិកនៃការិយាល័យនយោបាយរបស់ក្រុមហាម៉ាស បានបង្ហាញពីភាពបើកចំហរបស់ក្រុមនេះចំពោះ «វិធីសាស្រ្តដ៏ទូលំទូលាយ» ដើម្បីបញ្ចៀសភាពតានតឹង និងការប៉ះទង្គិចគ្នាបន្ថែមទៀត។ ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក៏បាននិយាយផងដែរថា អ៊ីស្រាអែល និងក្រុមហាម៉ាស បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីឈានទៅដំណាក់កាលទីពីរនៃបទឈប់បាញ់។
មន្រ្តីសហរដ្ឋអាមេរិក បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន កំពុងតែធ្វើការលើសេចក្ដីលម្អិតចុងក្រោយនៅមុនពេលការប្រកាសដែលអាចកើតមាននៃដំណាក់កាលទីពីរនេះ រួមទាំងទម្រង់នៃកងកម្លាំងសន្តិសុខអន្តរជាតិ និងក្រុមប្រឹក្សាសន្តិភាពដែលនឹងមើលការខុសត្រូវលើអភិបាលកិច្ចរបស់ដែនដីហ្កាហ្សា៕

