ព្រឹទ្ធសមាជិកមួយរូបរបស់សហរដ្ឋអាមេរិក បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ (១១ ធ្នូ) ថាការដាក់ពង្រាយកងទ័ព ទៅកាន់ទីក្រុងនានាទូទាំងសហរដ្ឋអាមេរិក បានចំណាយអស់ជាង ៣៤០លានដុល្លារ ដោយគូសបញ្ជាក់ពីការចំណាយដ៏ច្រើនលើការប្រើប្រាស់យោធារបស់លោកប្រធានាធិបតី Donald Trump នៅក្នុងទីក្រុងដែលដឹកនាំដោយបក្សប្រជាធិបតេយ្យ។
លោក Trump បានដាក់ពង្រាយកងទ័ពឆ្មាំជាតិទៅកាន់ទីក្រុងវ៉ាស៊ីនតោន ក្រុង Los Angeles ក្រុង Chicago ក្រុង Oregon និងក្រុង Memphis នៃរដ្ឋ Tennessee ប៉ុន្តែការដាក់ពង្រាយកងទ័ពមួយចំនួនក្នុងចំណោមនោះ ត្រូវបានផ្អាកដោយសារតែជួបបញ្ហាប្រឈមផ្នែកច្បាប់។

លោកស្រី Tammy Duckworth សមាជិកព្រឹទ្ធសភាមកពីរដ្ឋ Illinois បាននិយាយថា ការដាក់ពង្រាយកងទ័ព មកដល់ពេលនេះ បានចំណាយអស់ ៣៤១,៣លានដុល្លារ ហើយនោះ មិនរាប់បញ្ចូលការចំណាយលើកងទ័ពរាប់ពាន់នាក់ផ្សេងទៀត ដែលដាក់ពង្រាយតាមព្រំដែនអាមេរិក-ម៉ិកស៊ិក នោះទេ។ ការិយាល័យរបស់លោកស្រី Duckworth បាននិយាយថា លោកស្រីទទួលបានការប៉ាន់ប្រមាណថ្លៃចំណាយនេះពីរដ្ឋបាលលោក Trump។
លោក Trump បានការពារចំណាត់ការរបស់លោកក្នុងការដាក់ពង្រាយកងទ័ពនៅទីក្រុងមួយចំនួនថា នោះជាជំហានដែលត្រូវការជាចាំបាច់ ដើម្បីប្រយុទ្ធប្រឆាំងនឹងអ្វីដែលលោកពិពណ៌នាថា ជាភាពគ្មានច្បាប់ និងចលាចលយ៉ាងហិង្សា ជុំវិញការបង្ក្រាបអន្តោប្រវេសន៍៕

