ក្រុមអ្នកវិភាគយោធា បាននិយាយថា ការបាត់បង់ទីក្រុងយុទ្ធសាស្រ្ត Pokrovsk របសអ៊ុយក្រែន ទៅក្នុងដៃរុស្ស៊ី ហាក់ដូចជាបញ្ហា "ពេលណាដណ្តើមបានប៉ុណ្ណោះ" មិនមែនថា «ប្រសិនបើដណ្ដើមបាន» នោះទេ ខណៈព្រមានថា ទោះជាការដួលរលំរបស់ក្រុងនេះ នឹងមិនបង្កឱ្យមានការដួលរលំខ្សែរការពារនៅជួរមុខទាំងមូលរបស់អ៊ុយក្រែនក៏ដោយ ក៏ប៉ុន្តែ ចំណុចនេះនឹងធ្វើឱ្យទីក្រុងគីវ ចុះខ្សោយក្នុងក្រសែភ្នែករបស់អាមេរិក នៅគ្រាដ៏រសើបក្នុងការចរចាដឹកនាំដោយទីក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ចប់សង្គ្រាម។

កាលពីថ្ងៃទី១ ខែធ្នូ ទីក្រុងមូស្គូ អះអាងថា ខ្លួនបានគ្រប់គ្រងទាំងស្រុងលើទីក្រុង Pokrovsk ហើយ ពោលគឺ រយៈពេលពីរថ្ងៃប៉ុណ្ណោះមុនប្រេសិតពិសេសរបស់លោកប្រធានាធិបតីអាមេរិក Donald Trump និងកូនប្រសាររបស់លោក ជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅវិមានក្រឹមឡាំង លើផែនការសន្តិភាព។
ដប់ថ្ងៃក្រោយមក អ៊ុយក្រែននិយាយថា កងទ័ពខ្លួននៅតែកាន់កាប់ទីតាំងនានានៅភាគខាងជើងនៃក្រុង Pokrovsk ដែលមានមនុស្ស ៦ម៉ឺននាក់រស់នៅមុនសង្រ្គាមរុស្ស៊ីនៅឆ្នាំ២០២២ និងបានបម្រើការជាមជ្ឈមណ្ឌលភស្តុភារដ៏សំខាន់សម្រាប់យោធាអ៊ុយក្រែន។
អ្នកវិភាគជាន់ខ្ពស់នៅមូលនិធិសប្បុរសធម៌អ៊ុយក្រែនមួយបាននិយាយថា៖ សម្ពាធជុំថ្មីលើអ៊ុយក្រែន ដើម្បីដោះស្រាយជម្លោះលើលក្ខខណ្ឌមិនអំណោយផល កំពុងកើតឡើង ស្របពេលនឹងការប្រយុទ្ធយ៉ាងខ្លាំងលើសមរភូមិ Pokrovsk ដែលជួយដល់រុស្ស៊ី ពីព្រោះ ចំណុចនេះប៉ះពាល់ដល់ការយល់ឃើញរបស់លោក Trump លើអ៊ុយក្រែន៕

