ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានថ្លែងអំណរគុណដល់កងទ័ពរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ (១១ ធ្នូ) បន្ទាប់ពីមេបញ្ជាការប្រាប់លោកថា កងកម្លាំងរបស់ពួកគេបានគ្រប់គ្រងទាំងស្រុងលើទីប្រជុំជន Siversk នៅភាគខាងកើតអ៊ុយក្រែន ប៉ុន្តែយោធាអ៊ុយក្រែន បាននិយាយថា ខ្លួននៅតែមានការគ្រប់គ្រងនៅទីនោះនៅឡើយ។
គួរឱ្យដឹងថា ពុំមានប្រភពណាមួយអាចផ្ទៀងផ្ទាត់ការអះអាងជ័យជម្នះក្នុងសមរភូមិបានឡើយ នៅជុំវិញទីប្រជុំជន Siversk ដែលជាគោលដៅយូរអង្វែងមួយនៅក្នុងការវាយរុលយឺតៗរបស់រុស្ស៊ី ដើម្បីដណ្តើមយកតំបន់ Donetsk ទាំងមូល។

មេបញ្ជាការរុស្ស៊ី បានប្រាប់លោក Putin ថា ការដណ្តើមបានទីតាំងឈរជើង Siversk ដែលជាទីប្រជុំជនមួយមានប្រជាជនរស់នៅមុនសង្គ្រាមជាង ១ម៉ឺននាក់នេះ គឺជាជំហានមួយឆ្ពោះទៅកាន់ការដណ្តើមយកទីក្រុង Sloviansk ដែលជាទីក្រុងធំបំផុតមួយក្នុងចំណោមក្រុងធំបំផុតចំនួនពីរក្នុងតំបន់ Donetsk ដែលនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែននៅឡើយ។
ប្រមុខទ័ពទាំងនោះប្រាប់លោក Putin ថា អ៊ុយក្រែនព្យាយាមការពារទីប្រជុំជន Siversk ដែលរុស្ស៊ីហៅថា Seversk ជាមួយនឹងលេណដ្ឋាននិងបន្ទាយជាច្រើន ប៉ុន្តែកងទ័ពរុស្ស៊ីបានកម្ចាត់ចោលទាំងអស់។ យ៉ាងណាមិញ អង្គភាពប្រតិបត្តិការភាគខាងកើតរបស់យោធាអ៊ុយក្រែន និយាយថា “នៅក្នុងទិសដៅ Sloviansk តំបន់ Siversk នៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន”៕

