បាត់ដំបង៖ ក្រុមការងារចុះជួយមូលដ្ឋានឃុំឆ្នាល់មាន់ នៅថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២១នេះ បាននាំយកនូវគ្រឿងឧបភោគបរិភោគមួយចំនួន ផ្ដល់ជូនពលករចំនួន ៣៥នាក់ កំពុងធ្ចើចត្តាឡីស័ក ក្នុងសាលាបឋមសិក្សាឆ្នាល់មាន់ ស្ថិតក្នុងស្រុកគាស់ក្រឡ ។
ក្នុងឱកាសនោះ ឯកឧត្ដម ចឹក ខឹម អនុប្រធានទី១ ចុះមូលដ្ឋានឃុំឆ្នាល់មាន់ ជាដំណាង ឯកឧត្តម ប៊ុន ដា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំឆ្នាល់មាន់ និងសមាជិកទាំងអស់ បានមានប្រសាសន៍ថា ក្នុងនាមក្រុមការងារជួយមូលដ្ឋាន នឹងបន្តចូលរួមក្នុងការងារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល តាមរយៈការអនុវត្តវិធានការអនាម័យ អនុវត្តច្បាប់ និងអនុក្រឹតទើបដាក់ចេញថ្មី រួមទាំងការផ្ដល់នូវសម្ភារផ្សេងៗតាមលទ្ធភាព ។
ឯកឧត្តមបានបន្តថា សម្រាប់គ្រឿងឧបភោគបរិភោគ ក្នុងនោះ ម្នាក់ទទួលបាន មី១កេស និងទឹក១សុទ្ធ១កេស ហើយក៏បានផ្ដល់ជូនដល់រដ្ឋបាលស្រុកគាស់ក្រឡ និងឃុំឆ្នាល់មាន់ នូវមី និងទឹកសុទ្ធផងដែរ ។
ក្នុងថ្ងៃដដែលនេះ លោក ញឹក សារ៉ែន អភិបាលស្រុកគាស់ក្រឡ និងលោក ប៉ាង ហៀង អធិការនគបាលស្រុក បានចុះសួរសុខទុក្ខគ្រួសារពលរដ្ឋមានជីវភាពខ្វះខាតតាមមូលដ្ឋាន និងផ្ដល់ស្បៀងអាហារដូចជាអង្ករ មី ទឹកសុទ្ធ ទឹកត្រីផងដែរ ៕ អត្ថបទ ៖ សុខរិទ្ធ



