ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (ទី១១ ខែធ្នូ) បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ថា ជម្លោះរុស្ស៊ី និងអ៊ុយក្រែន ដែលអូសបន្លាយពេលយូរ បង្កជាហានិភ័យឲ្យរាលដាលទៅជាជម្លោះសកល ដោយដាស់តឿនថា «ស្ថានភាពដូចនេះ នឹងនាំឲ្យមានសង្គ្រាមលោកលើកទី៣»។
អំឡុងពេលនិយាយទៅកាន់អ្នកសារព័ត៌មាន នៅសេតវិមាន បន្ទាប់ពីការចុះហត្ថលេខាលើក្រឹត្យមួយ ក្នុងគោលបំណងទប់ស្កាត់ «ការប្រែប្រួល» នៃច្បាប់បញ្ញាសិប្បនិម្មិត (AI) កម្រិតរដ្ឋ លោក Trump បានលើកឡើងថា មនុស្ស ២៥.០០០នាក់ ដែលភាគច្រើនជាទាហានត្រូវបានសម្លាប់ នៅក្នុងសង្គ្រាម កាលពីខែមុន ហើយលោកបានសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះការបន្តការបង្ហូរឈាមនេះ និងបានរំលឹកឡើងវិញនូវការជំរុញរបស់លោក ដើម្បីឲ្យបញ្ចប់ជាបន្ទាន់នូវអរិភាពនេះ។

លោកប្រធានាធិបតីសហរដ្ឋអាមេរិកបាននិយាយថា៖ «ខ្ញុំចង់ឃើញការបញ្ឈប់ការសម្លាប់។ មនុស្ស ២៥.០០០នាក់ បានបាត់បង់ជីវិត កាលពីខែមុន ភាគច្រើនជាទាហាន ប៉ុន្តែមានមនុស្សមួយចំនួនផងដែរ ដែលស្លាប់ដោយសារការទម្លាក់គ្រាប់បែក ប៉ុន្តែភាគច្រើនជាទាហាននៃចំនួន ២៥.០០០នាក់នោះ បានស្លាប់កាលពីខែមុន។ ខ្ញុំចង់ឃើញវាត្រូវបានបញ្ឈប់។ ហើយយើងកំពុងធ្វើការយ៉ាងខ្លាំង»។
លោកបានបន្ថែមថា៖ «ស្ថានភាពដូចនេះនឹងនាំឲ្យមានសង្គ្រាមលោកលើកទី៣ ហើយខ្ញុំបាននិយាយរឿងនោះនៅថ្ងៃផ្សេងទៀត។ ខ្ញុំបាននិយាយថា គ្រប់គ្នាបន្តស្ថានការណ៍បង្កឲ្យមានហានិភ័យដូចនេះ។ នៅទីបំផុត យើងនឹងនាំទៅដល់សង្គ្រាមលោកលើកទី៣ ហើយយើងមិនចង់ឃើញវាកើតឡើងឡើយ»។
នៅព្រឹកថ្ងៃដដែលនោះ អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បាននិយាយថា លោកប្រធានាធិបតីអាមេរិក «មានការខកចិត្តយ៉ាងខ្លាំង» ទាំងជាមួយរុស្ស៊ី និងអ៊ុយក្រែន ចំពោះវឌ្ឍនភាពដ៏យឺតយ៉ាវឆ្ពោះទៅរកការបញ្ចប់សង្គ្រាមដែលកំពុងបន្តមាន ហើយកំពុងមិនមានឆន្ទៈចូលរួមក្នុង «កិច្ចប្រជុំដែលគ្រាន់តែជាកិច្ចប្រជុំ»៕


