សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (ទី១១ ខែធ្នូ) បានដាក់ទណ្ឌកម្មថ្មីលើសាច់ញាតិ ៣នាក់របស់ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro រួមជាមួយក្រុមហ៊ុនចំនួន ៦ ដែលដឹកជញ្ជូនប្រេងរបស់ប្រទេសតំបន់អាមេរិកខាងត្បូងមួយនេះ។
ចំណាត់ការនេះបានកើតឡើងភ្លាមៗ បន្ទាប់ពីសហរដ្ឋអាមេរិកបានរឹបអូសនាវាដឹកប្រេង នៅម្ដុំឆ្នេរសមុទ្រវ៉េណេស៊ុយអេឡា ដែលជាការកើនឡើងចុងក្រោយនូវភាពតានតឹង រវាងប្រទេសទាំង២។
ក្រសួងរតនាគារអាមេរិក បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា បុគ្គល ៣នាក់ដែលត្រូវបានដាក់ទណ្ឌកម្មកាលពីថ្ងៃព្រហស្បតិ៍នោះ គឺជាក្មួយប្រុសរបស់ភរិយាលោក Maduro គឺលោកស្រី Cilia Flores។

រដ្ឋមន្ត្រីក្រសួងរតនាគារជាតិ លោក Scott Bessent បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «លោក Nicolas Maduro និងសហការីឧក្រិដ្ឋជនរបស់លោក នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា កំពុងធ្វើឲ្យសហរដ្ឋអាមេរិកជោរជន់ទៅដោយថ្នាំញៀនដែលបំពុលប្រជាជនអាមេរិក»។
លោក Bessent បានបន្ថែមថា៖ «ការដាក់ទណ្ឌកម្មទាំងនេះលុបចោលការប៉ុនប៉ងមិនជោគជ័យរបស់រដ្ឋបាលលោក Joe Biden ដើម្បីធ្វើកិច្ចព្រមព្រៀងជាមួយលោក Maduro ដោយបណ្ដាលឲ្យមានការគ្រប់គ្រងបែបឃោរឃៅរបស់លោក ដោយបំផ្លាញទាំងប្រជាជនវ៉េណេស៊ុយអេឡា និងអាមេរិក»។
ទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់មេដឹកនាំឆ្វេងនិយមវ៉េណេស៊ុយអេឡាថា បានដឹកនាំក្រុមជួញដូរគ្រឿងញៀន ជាការចោទប្រកាន់ដែលលោកបដិសេធ។ លោក Maduro បាននិយាយថា សហរដ្ឋអាមេរិកកំពុងប្រឹងប្រែងផ្លាស់ប្តូររបប និងដើម្បីដណ្តើមយកធនធានប្រេងដ៏មហាសាលរបស់វ៉េណេស៊ុយអេឡា៕

