លោកនាយករដ្ឋមន្ត្រី Albin Kurti បាននិយាយថា កូសូវ៉ូបានចាប់ផ្តើមទទួលយកជនអន្តោប្រវេសន៍ដែលសហរដ្ឋអាមេរិក ចង់និរទេស ក្រោមកិច្ចព្រមព្រៀងជាមួយរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។
លោក Kurti បានថ្លែងនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍មួយ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា៖«យើងកំពុងទទួលយកអ្នកដែលសហរដ្ឋអាមេរិកមិនចង់ឲ្យនៅលើទឹកដីរបស់ខ្លួន» ដោយបន្ថែមថា ជនអន្តោប្រវេសន៍ម្នាក់ ឬពីរនាក់ បានមកដល់រដ្ឋបាល់កង់ហើយ។

យោងតាមកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងខែមិថុនា កូសូវ៉ូអាចទទួលយកមនុស្សរហូតដល់ ៥០ នាក់ នេះបើយោងតាមរដ្ឋាភិបាលរបស់លោក Kurti ។ កិច្ចព្រមព្រៀងនេះ មានអាយុកាលមួយឆ្នាំ។
រដ្ឋាភិបាលបាននិយាយនៅពេលនោះថា តាមរយៈកិច្ចព្រមព្រៀងនេះ កូសូវ៉ូដែលជាប្រទេសមួយក្នុងចំណោមប្រទេសក្រីក្របំផុតរបស់អឺរ៉ុប ចង់បង្ហាញពី«ការដឹងគុណជានិច្ច»របស់ខ្លួន ចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិក ចាប់តាំងពីប្រទេសនេះបានបំបែកចេញពីស៊ែរប៊ីក្នុងឆ្នាំ ២០០៨។
លោក Kurti បានឡើងកាន់អំណាចក្នុងខែកុម្ភៈ ប៉ុន្តែរដ្ឋាភិបាលរបស់លោកបានដួលរលំ ចាប់តាំងពីពេលនោះមក ហើយការបោះឆ្នោតថ្មី នឹងត្រូវធ្វើឡើង នៅថ្ងៃទី ២៨ ខែធ្នូ៕
