ការិយាល័យប្រធានាធិបតីនៃប្រទេសនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីអេហ្ស៊ីប លោក Abdel-Fattah al-Sisi និងព្រះមហាក្សត្របារ៉ែន Hamad bin Isa Al Khalifa កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឲ្យមាន «ការអនុវត្តពេញលេញ» នូវកិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ហ្កាហ្សា ដោយសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ក្នុងការពន្លឿនកិច្ចខិតខំប្រឹងប្រែងផ្នែកជំនួយមនុស្សធម៌ និងការកសាងឡើងវិញ។
ក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទ មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើ «ភាពចាំបាច់ក្នុងការចាប់ផ្តើមដំណើរការកសាងឡើងវិញ នៅតំបន់ហ្កាហ្សា ដើម្បីធានាការស្តារជីវិតធម្មតាសម្រាប់ប្រជាជនរបស់ខ្លួន»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍។

ពួកគេក៏បានគូសបញ្ជាក់ពី«ការបដិសេធយ៉ាងដាច់អហង្ការ»របស់ពួកគេចំពោះការប៉ុនប៉ងណាមួយដែលមានគោលបំណងបណ្តេញប្រជាជនប៉ាឡេស្ទីនចេញពីដីរបស់ពួកគេ ដោយបញ្ជាក់ជាថ្មីថា «បុព្វហេតុប៉ាឡេស្ទីន នឹងនៅតែជាកង្វល់របស់អារ៉ាប់ និងអន្តរជាតិ»។
បទឈប់បាញ់ដែលរង់ចាំជាយូរមកហើយរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា បានចូលជាធរមាន នៅថ្ងៃទី១០ ខែតុលា ហើយត្រូវបានសម្រេចតាមរយៈការសម្របសម្រួលរបស់សហរដ្ឋអាមេរិក អេហ្ស៊ីប កាតា និងទួរគី ដោយផ្អែកលើផែនការរបស់សហរដ្ឋអាមេរិក។
សេចក្តីថ្លែងការណ៍ បានបន្ថែមថា លោកប្រធានាធិបតីអេហ្ស៊ីប និងព្រះមហាក្សត្របារ៉ែន បានឯកភាពគ្នាលើ «សារៈសំខាន់នៃការអនុវត្តពេញលេញ» នូវផែនការសន្តិភាព ដូចដែលបានគាំទ្រនៅក្នុងសេចក្តីសម្រេចលេខ ២៨០៣ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយចាត់ទុកវាថា ជា «ក្របខ័ណ្ឌមួយសម្រាប់ការសម្រេចបានសន្តិភាពប្រកបដោយភាពយុត្តិធម៌ និងទូលំទូលាយ»៕
