ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា អ៊ីស្រាអែលបានធ្វើការវាយប្រហារជាបន្តបន្ទាប់នៅភាគខាងត្បូង និងខាងកើតប្រទេសលីបង់ នៅថ្ងៃសុក្រនេះ ខណៈដែលកងទ័ពអ៊ីស្រាអែល បាននិយាយថា ខ្លួនកំពុងកំណត់គោលដៅទីតាំងរបស់ក្រុមហេសបូឡា ដែលជាការវាយឆ្មក់ចុងក្រោយបំផុត ទោះបីជាមានបទឈប់បាញ់អស់រយៈពេលមួយឆ្នាំក៏ដោយ។
ទីភ្នាក់ងារសារព័ត៌មានជាតិ (NNA) ដែលគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសលីបង់ បានរាយការណ៍អំពីការវាយប្រហារ នៅក្នុងទីតាំងប្រហែល ១០កន្លែង រួមទាំងចម្ងាយប្រហែល ៣០ គីឡូម៉ែត្រ (២០ម៉ាយ) ពី ព្រំដែនអ៊ីស្រាអែល ដោយលើកឡើងពី «ការវាយឆ្មក់ដ៏ខ្លាំងក្លា» នៅពេលខ្លះ។

អ៊ីស្រាអែលបានបន្តការវាយប្រហារលើប្រទេសលីបង់ ទោះបីជាមានបទឈប់បាញ់ខែវិច្ឆិកា ឆ្នាំ ២០២៤ ដែលត្រូវបានគេសន្មត់ថា នឹងបញ្ចប់អរិភាពជាងមួយឆ្នាំជាមួយក្រុមសកម្មប្រយុទ្ធហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ក៏ដោយ ហើយក៏រក្សាកងទ័ពនៅក្នុងតំបន់ចំនួន ៥ ដែលខ្លួនចាត់ទុកថា ជាតំបន់យុទ្ធសាស្ត្រ ផងដែរ។
យោធាអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងរបស់ខ្លួន «បានវាយប្រហារលើបរិវេណបណ្តុះបណ្តាល និងហ្វឹកហាត់» ដែលប្រើប្រាស់ដោយកងកម្លាំងសម្រាំង Radwan របស់ក្រុមហេសបូឡា ជាកន្លែងដែលប្រតិបត្តិករពិសេស «ធ្វើការហ្វឹកហាត់បាញ់ និងទទួលការបណ្តុះបណ្តាលបន្ថែមលើការប្រើប្រាស់អាវុធប្រភេទផ្សេងៗ»។
កងទ័ពក៏បាន «វាយប្រហារបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធយោធារបស់ក្រុមហេសបូឡានៅក្នុងតំបន់ជាច្រើននៅភាគខាងត្បូងប្រទេសលីបង់»៕
