មនុស្សយ៉ាងហោច ៥នាក់ បានរងរបួស ក្រោយស្ពានកំពុងស្ថិតក្រោមការសាងសង់ បានបាក់នៅទីក្រុងភាគខាងលិច Valsad ប្រទេសឥណ្ឌា នាថ្ងៃសុក្រនេះ ។
មន្រ្តីជាន់ខ្ពស់មួយរូប និយាយថា គ្មានគ្រោះថ្នាក់ដល់អាយុជីវិត ត្រូវបានរាយការណ៍នោះទេ ហើយអ្នករងរបួស ត្រូវបានរួសរាន់បញ្ជូនទៅកាន់មន្ទីរពេទ្យ ។
ឧបទ្ទេវហេតុនេះ បានកើតមានឡើង រយៈពេលប៉ុន្មានខែប៉ុណ្ណោះ ក្រោយមនុស្សយ៉ាងហោច ៩នាក់ បានស្លាប់ និងមនុស្ស ៦នាក់ផ្សេងទៀត រងរបួស ក្នុងហេតុការណ៍បាក់ស្អាននៅទីក្រុង Vadodara ស្ថិតក្នុងរដ្ឋ Gujarat ។

លោក Vimal Patel គឺជាចៅក្រមអនុតំបន់ Valsadនិយាយថា អំឡុងពេលសាងសង់ស្ពានឆ្លងកាត់ទន្លេ Auranga ធ្នឹមបានរងការខូចខាត បណ្តាលឲ្យស្ពានបាក់តែម្តង ។ កម្មករ ៥នាក់នៅការដ្ឋានសាងសង់ បានរងរបួស ប៉ុន្តែគ្មានគ្រោះថ្នាក់ដល់អាយុជីវិត ត្រូវបានរាយការណ៍នោះទេ ក្នុងឧបទ្ទេវហេតុមួយនេះ ។
សូមបញ្ជាក់ថា ឧបទ្ទេវហេតុបាក់ស្ពាន គ្មានអ្វីចម្លែកនោះទេនៅក្នុងប្រទេសឥណ្ឌា ជាពិសេសនៅតាមទីកន្លែងប្រជុំជន បង្កឡើងដោយសារការប្រើប្រាស់គ្រឿងសំណង់អន់ និងការធ្វេសប្រហែសនៃការថែទាំឲ្យបានទាន់ពេលវេលា ៕
