ជំនួយការគោលនយោបាយការបរទេសរបស់វិមានក្រឹមឡាំង លោក Yuri Ushakov នៅថ្ងៃសុក្រ (ទី១២ ខែធ្នូ) នេះ បានប្រាប់ឲ្យដឹងថា ទីក្រុងមូស្គូមិនបានឃើញឡើយនូវសំណើថ្មីរបស់សហរដ្ឋអាមេរិកដែលត្រូវបានធ្វើឡើងបន្ទាប់ពីមានកិច្ចពិភាក្សាថ្មីៗបំផុតជាមួយអ៊ុយក្រែន ប៉ុន្តែថា ផ្នែកខ្លះអាចនឹងមិនត្រូវបានពេញចិត្ត។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃពុធថា ទីក្រុងគីវបានយល់ព្រមលើចំណុចសំខាន់ៗនៃផែនការកសាងឡើងវិញ ក្រោយសង្គ្រាម នៅក្នុងកិច្ចពិភាក្សាជាមួយកូនប្រសារលោកប្រធានាធិបតីអាមេរិក Donald Trump គឺលោក Jared Kushner និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត។

លោក Zelenskiy បានបញ្ជាក់ថា ការងារលើ «ឯកសារសេដ្ឋកិច្ច» កំពុងដំណើរការ ហើយថា អ៊ុយក្រែន «បានស្របតាមទាំងស្រុងជាមួយភាគីអាមេរិក»។ សហរដ្ឋអាមេរិកបានស្វែងរកការបង្កើតមូលនិធិវិនិយោគក្នុងប្រទេសអ៊ុយក្រែន សម្រាប់វិស័យនានា ដែលរួមមានលោហធាតុកម្រ ជាផ្នែកដ៏សំខាន់នៃការកសាងឡើងវិញក្រោយសង្គ្រាមរបស់ប្រទេសនេះ។
ទីក្រុងមូស្គូក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួន ក្នុងការទាក់ទាញការវិនិយោគពីបរទេសផងដែរ បន្ទាប់ពីសារព័ត៌មាន Wall Street Journal បានរាយការណ៍ថា ផែនការសន្តិភាពរបស់ទីក្រុងវ៉ាស៊ីនតោន រួមមានទាំងសំណើវិនិយោគលើរ៉ែកម្រ និងថាមពលរបស់រុស្ស៊ី។
លោក Ushakov ដែលជាជំនួយការរបស់វិមានក្រឹមឡាំង បាននិយាយនៅកាលពីថ្ងៃសុក្រនេះថា ភាគីរុស្ស៊ីមិនទាន់ឃើញសំណើថ្មីនេះនៅឡើយទេ ប៉ុន្តែបានលើកឡើងថា ទីក្រុងមូស្គូអាចនឹងមិនចាត់ទុកជាសំណើវិជ្ជមានឡើយ។ លោកបានប្រាប់អ្នកសារព័ត៌មានថា៖ «យើងមិនបានឃើញកំណែកែថ្មីនៃសេចក្តីព្រាងរបស់អាមេរិកនោះទេ។ តែនៅពេលដែលយើងឃើញវា យើងអាចនឹងមិនពេញចិត្តចំណុចជាច្រើន នោះហើយជាអ្វីដែលខ្ញុំយល់ឃើញ»៕

