សហភាពអឺរ៉ុប (EU) នាថ្ងៃសុក្រ (ទី១២ ខែធ្នូ) នេះ ទំនងជាបានត្រៀមបង្កកទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលរុស្ស៊ីដែលដាក់នៅអឺរ៉ុបដោយគ្មានកំណត់ ដោយដកចេញនូវឧបសគ្គដ៏ធំមួយ ក្នុងការប្រើប្រាស់សាច់ប្រាក់ទាំងនោះ ដើម្បីជួយអ៊ុយក្រែនការពារខ្លួន ប្រឆាំងនឹងការឈ្លានពានរបស់ទីក្រុងមូស្គូ។

រដ្ឋាភិបាល EU មានបំណងផ្ដល់ការយល់ព្រមត្រឹមម៉ោង ១៦:០០ ម៉ោងសកល តាមរយៈការបោះឆ្នោតសំឡេងភាគច្រើនតាមលក្ខខណ្ឌកំណត់ ជុំវិញផែនការផ្អឹបទុកទ្រព្យសម្បត្តិអធិបតេយ្យភាពរុស្ស៊ីដែលមានចំនួន ២១០ពាន់លានអឺរ៉ូ (២៤៦ពាន់លានដុល្លារ) រយៈពេលយូរ ដរាបណានៅតែចាំបាច់ ដើម្បីការពារការរំខានផ្នែកសេដ្ឋកិច្ចដ៏ធំ ចំពោះសេដ្ឋកិច្ច EU។
ការបង្កកថ្មីដែលនឹងនៅនឹងនៅតែមាន «រហូតដល់លែងមានការគំរាមកំហែងភ្លាមៗ ចំពោះផលប្រយោជន៍សេដ្ឋកិច្ចរបស់សហភាព» នឹងជំនួសប្រព័ន្ធបច្ចុប្បន្ន ដែលតម្រូវឲ្យមានដំណើរការបង្កកឡើងវិញរៀងរាល់ ៦ខែម្តង ដោយឯកច្ឆន្ទ។
ចំណាត់នេះនឹងលុបហានិភ័យដែលហុងគ្រី និងស្លូវ៉ាគី ជាប្រទេសដែលមានទំនាក់ទំនងល្អជាមួយទីក្រុងមូស្គូ ជាងរដ្ឋ EU ផ្សេងទៀត អាចបដិសេធដំណើរការបង្កកឡើងវិញ នៅពេលណាមួយ ដែលជំរុញឲ្យ EU ប្រគល់ប្រាក់នោះទៅរុស្ស៊ីវិញ៕
