ប្រទេសហ្វាំងឡង់បានឲ្យដឹងនៅថ្ងៃសុក្រ (ទី១២ ខែធ្នូ) នេះថា ខ្លួននឹងទទួលបានមីស៊ីលរយៈចម្ងាយមធ្យមកម្រិតខ្ពស់បាញ់ពីអាកាសទៅអាកាស (AMRAAM) ពីសហរដ្ឋអាមេរិក។
ហ្វាំងឡង់ ដែលមានព្រំដែនយ៉ាងវែង ជាមួយរុស្ស៊ី ក្នុងឆ្នាំ២០២២ បានបញ្ជាទិញយន្តហោះចម្បាំង F-35 ចំនួន ៦៤គ្រឿងដែលផលិតដោយក្រុមហ៊ុនការពារអាមេរិក Lockheed Martin ដោយការបញ្ជូនដំបូងគ្រោងទុកនៅចុងឆ្នាំក្រោយ។

រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រនេះថា៖ «ការដឹកជញ្ជូនមីស៊ីលទី១ នឹងគាំទ្រដល់ការដាក់ពង្រាយក្រុមយន្តហោះចម្បាំង F-35»។
រដ្ឋាភិបាល បានបន្ថែមថា៖ «លទ្ធកម្មនេះនឹងផ្តល់ឲ្យហ្វាំងឡង់នូវម៉ូដែលជំនាន់ចុងក្រោយបំផុត និងកម្រិតខ្ពស់បំផុតនៃមីស៊ីល AMRAAM ដែលនឹងធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពរបស់យើង ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែង នៅក្នុងបរិយាកាសប្រតិបត្តិការរបស់យើង»៕
