មេបញ្ជាការកងទ័ពស៊ូដង់ខាងត្បូងនិយាយថា ស៊ូដង់ខាងត្បូងបានបញ្ជូនទាហានទៅកាន់តំបន់ប្រេង Heglig របស់ស៊ូដង់ ដើម្បីយាមកាមទីតាំងយុទ្ធសាស្រ្តមួយនេះ ក្រោយកងកម្លាំងគាំទ្ររហ័ស(RSF)ដណ្តើមបានការគ្រប់គ្រង ។
គួរឲ្យដឹងថា យោធាស៊ូដង់ខាងត្បូង បានចូលទៅគ្រប់គ្រងតំបន់ប្រេងដ៏សំខាន់ Heglig ក្រោមកិច្ចព្រមព្រៀងពុំធ្លាប់មានពីមុនរវាងប្រទេសពួកគេ និងភាគីបង្កសង្រ្គាមនៅប្រទេសជិតខាងស៊ូដង់ ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធថាមពលដ៏សំខាន់មួយនេះ នៅក្នុងសង្រ្គាមស៊ីវិលស៊ូដង់ ។

ការដាក់ពង្រាយកងទ័ពដែរនេះ បានកើតមានឡើង ក្រោយកងកម្លាំងគាំទ្រហ័ស(RSF) ដណ្តើមបានទីតាំងយុទ្ធសាស្រ្តនេះ កាលពីថ្ងៃទី ៨ ខែធ្នូ ជាការរុញច្រានកងកម្លាំងប្រដាប់អាវុធស៊ូដង់(SAF) ឲ្យដកថយនៅទូទាំងតំបន់ព្រំដែនជាប់ប្រទេសស៊ូដង់ខាងត្បូង ជាទីដែលគេរាយការណ៍ថា ពួកគេបានទម្លាក់អាវុធចុះ ។
លោកឧត្តមសេនីយ Paul Nang គឺជាមេបញ្ជាការកងកម្លាំងការពារជាតិស៊ូដង់ខាងត្បូង និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ការដាក់ពង្រាយនេះ ត្រូវបានព្រមព្រៀងគ្នាដោយលោកប្រធានាធិបតី Salva Kiir មេបញ្ជាការកងទ័ពស៊ូដង់លោក Abdel Fattah al-Burhan និងមេដឹកនាំកងកម្លាំង SAF លោក Mohamed Hamdan Dagalo ។
កិច្ចព្រមព្រៀងខាងលើ មានគោលបំណងអព្យាក្រឹតទីតាំងមួយនេះពីប្រតិបត្តិការសង្រ្គាម ស្របពេលដែលការប្រយុទ្ធគ្នាកាន់តែតានតឹងខ្លាំងនៅទូទាំងតំបន់ Kordofan របស់ស៊ូដង់ គំរាមកំហែងដល់ប្រភពប្រាក់ចំណូលចម្បងរបស់ប្រទេសទាំង ២ ៕
