សារព័ត៌មានរុស្ស៊ី Kommersant បានរាយការណ៍ថា ជំនួយការគោលនយោបាយការបរទេសរបស់វិមានក្រឹមឡាំង លោក Yury Ushakov បាននិយាយនៅថ្ងៃសុក្រ (ទី១២ ខែធ្នូ) នេះថា បទឈប់បាញ់ នៅអ៊ុយក្រែន គឺអាចកើតមាន លុះត្រាតែកងកម្លាំងរបស់ទីក្រុងគីវ បានដកចេញពីតំបន់ Donbas ទាំងមូល ដោយតំបន់ដែលពួកគេគ្រប់គ្រងបច្ចុប្បន្ន ត្រូវបានកាន់កាប់ដោយឆ្មាំជាតិរុស្ស៊ី។

លោក Ushakov ត្រូវបានគេដកស្រង់សម្ដី ដែលបាននិយាយថា៖ «បទឈប់បាញ់ អាចកើតឡើងបាន លុះត្រាតែមានការដកទ័ពរបស់អ៊ុយក្រែន»។ លោកបានបន្ថែមថា៖ «ប្រសិនបើមិនកើតឡើងតាមការចរចាទេនោះ ដូច្នេះ មានតែតាមមធ្យោបាយយោធា ទឹកដីនេះនឹងស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុងរបស់សហព័ន្ធរុស្ស៊ី។ អ្វីៗផ្សេងទៀត នឹងអាស្រ័យទាំងស្រុងលើការគ្រប់គ្រងតំបន់នេះ»។
បច្ចុប្បន្ន រុស្ស៊ីគ្រប់គ្រងតំបន់ Luhansk ទាំងមូល និងប្រហែល ៨០ភាគរយនៃតំបន់ Donetsk បើទោះបីជាទីក្រុងគីវនៅតែបន្តកាន់កាប់ទីក្រុងធំៗ និងការពារយ៉ាងរឹងមាំជាច្រើន រួមទាំងទីក្រុង Sloviansk និង Kramatorsk ក៏ដោយ។
សារព័ត៌មាន Kommersant ក៏បានដកស្រង់សម្តីរបស់លោក Ushakov ដែលបាននិយាយនៅក្នុងបទសម្ភាសន៍មួយថា នៅក្រោមផែនការសន្តិភាព វាអាចទៅរួច ដែលថា មានតែឆ្មាំជាតិ Rosgvardiya របស់ប្រទេសរុស្ស៊ីប៉ុណ្ណោះដែលនឹងត្រូវដាក់ពង្រាយទៅកាន់ផ្នែកទាំងនោះនៃតំបន់ Donbas ដែលបច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន។ លោកបន្ថែមថា កងទ័ពរុស្ស៊ី នឹងមិនមានវត្តមាននៅដែនដីទាំងនោះទេ៕
