អ្នកនាំពាក្យក្រសួងការបរទេសអាល្លឺម៉ង់លោក Martin Giese និយាយនៅថ្ងៃសុក្រនេះថា ទីក្រុងប៊ែរឡាំង បានកោះអញ្ជើញឯកអគ្គរដ្ឋទូតរុស្ស៊ី ជុំវិញអ្វីដែលពួកគេនិយាយថា គឺជាការកើនឡើងដ៏ធំនៅក្នុងសកម្មភាពកូនកាត់គំរាមកំហែង រួមទាំងយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត ចារកម្ម ការវាយប្រហារតាមអ៊ីនធឺណិត និងការប៉ុនប៉ងបំផ្លិចបំផ្លាញ ។
លោក Giese និយាយអំឡុងសន្និសីទសារព័ត៌មានថា នៅព្រឹកនេះ ពួកយើងបានកោះអញ្ជើញឯកអគ្គរដ្ឋទូតរុស្ស៊ីមកកាន់ការិយាល័យការបរទេសរបស់ពួកយើង ហើយនិងបានបញ្ជាក់យ៉ាងច្បាស់ពីគោលជំហររបស់ពួកយើង ។ ពួកយើងកំពុងតាមដានរាល់សកម្មភាពរុស្ស៊ីយ៉ាងដិតដល់ ហើយពួកយើងនឹងចាត់វិធានការប្រឆាំងពួកគេ ។
ការចោទប្រកាន់នេះ បានកើតមានឡើង នៅពេលដែលក្តីបារម្ភកើនឡើងនៅអឺរ៉ុប ចំពោះក្រុមវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណីតសង្ស័យ និងចារកម្មរបស់រុស្ស៊ី ចាប់តាំងពីការវាយលុករបស់ទីក្រុងមូស្គូលើអ៊ុយក្រែន កាលពីឆ្នាំ ២០២២ ។
ស្ថានទូតរុស្ស៊ី ពុំបានឆ្លើយតបភ្លាមៗនោះទេចំពោះសំណើសុំសេចក្តីអត្ថាធិប្បាយពីទីភ្នាក់ងារព័ត៌មានរ៉យទ័រ ។ កាលពីមុន វិមានក្រឹមឡាំងធ្លាប់និយាយថា ការចោទប្រកាន់របស់អឺរ៉ុបពីការបំផ្លិចបំផ្លាញរបស់រុស្ស៊ី ឬយុទ្ធនាការកូនកាត់ គឺពុំមានមូលដ្ឋានច្បាស់លាស់នោះទេ ៕