មហាសន្និបាតអង្គការសហប្រជាជាតិ បានគាំទ្រយ៉ាងច្រើនលើសលប់នូវសេចក្តីសម្រេចមួយដែលទាមទារឱ្យអ៊ីស្រាអែល បើកដំណើរការចូលជំនួយមនុស្សធម៌ដោយគ្មានការរឹតត្បិតទៅកាន់តំបន់ហ្កាហ្សា ឈប់វាយប្រហារលើទីតាំងរបស់អង្គការសហប្រជាជាតិ និងគោរពច្បាប់អន្តរជាតិស្របតាមកាតព្វកិច្ចរបស់ខ្លួន។
ការបោះឆ្នោតកាលពីថ្ងៃសុក្រ បានធ្វើឡើងបន្ទាប់ពីមតិយោបល់កាលពីខែតុលា ពីតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលបានគូសបញ្ជាក់ពីការទទួលខុសត្រូវរបស់អ៊ីស្រាអែលក្រោមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងច្បាប់មនុស្សធម៌។

អ៊ីស្រាអែល បានអនុញ្ញាតឱ្យចូលទៅក្នុងតំបន់ហ្កាហ្សាត្រឹមតែផ្នែកមួយនៃការដឹកជញ្ជូនជំនួយមនុស្សធម៌ដែលបានព្រមព្រៀងគ្នា ជាផ្នែកមួយនៃបទឈប់បាញ់សម្របសម្រួលដោយសហរដ្ឋអាមេរិកដែលបានចូលជាធរមានកាលពីខែតុលា។ សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដែលដាក់លើតុដោយប្រទេសន័រវេសរួមជាមួយរដ្ឋជាងដប់ផ្សេងទៀត ទទួលបានការគាំទ្រពីប្រទេសចំនួន១៣៩។ មានតែប្រទេសចំនួន១២ប៉ុណ្ណោះដែលបានបោះឆ្នោតប្រឆាំង រួមមានអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ខណៈ១៩ប្រទេសបានអនុប្បវាទ។
