បេសកជនសហរដ្ឋអាមេរិក លោក Steve Witkoff និងកូនប្រសាររបស់ប្រធានាធិបតី លោក Donald Trump គឺលោក Jared Kushner នឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy និងមេដឹកនាំអឺរ៉ុប នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ នៅចុងសប្តាហ៍នេះ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីអាមេរិក ជុំវិញបញ្ហានេះ។
មន្ត្រីរូបនោះបានបន្ថែមថា លោក Witkoff ក៏នឹងជួបជាមួយសមភាគីរបស់លោកមកពីប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់ នៅថ្ងៃអាទិត្យ និងថ្ងៃចន្ទ។ សារព័ត៌មាន The Wall Street Journal បានរាយការណ៍ដំបូងគេពីការមានកិច្ចប្រជុំនេះ។

ជម្រើសក្នុងការបញ្ជូនលោក Witkoff ដែលបានដឹកនាំការចរចាជាមួយអ៊ុយក្រែន និងរុស្ស៊ី ទាក់ទងនឹងសំណើសន្តិភាពរបស់សហរដ្ឋអាមេរិក បង្ហាញពីភាពបន្ទាន់ដែលកំពុងកើនឡើងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការដោះស្រាយការខ្វែងគំនិតគ្នាដែលនៅសល់ជាមួយទីក្រុងគីវ ជុំវិញលក្ខខណ្ឌនៃផែនការនេះ។
សារព័ត៌មាន The Wall Street Journal បានឲ្យដឹងថា ប្រធានាធិបតីបារាំង លោក Emmanuel Macron នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Keir Starmer និងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ក៏ត្រូវបានគេរំពឹងថា នឹងចូលរួមផងដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ សេតវិមានបានលើកឡើងថា លោក Trump នឹងបញ្ជូនមន្ត្រីទៅកិច្ចប្រជុំ លុះត្រាណាតែលោកមានអារម្មណ៍ថា មានវឌ្ឍនភាពគ្រប់គ្រាន់ ក្នុងដំណើរការចរចាសន្តិភាពនេះ៕
