ដោយមិនមានការចូលរួមពីសំណាក់លោកប្រធានាធិបតី Xi Jinping ប្រទេសចិនបានប្រារព្ធពិធីមិនសូវអធិកអធមមួយ នាថ្ងៃសៅរ៍ (ទី១៣ ខែធ្នូ) នេះ ដើម្បីរំលឹកដល់ការសម្លាប់រង្គាល នៅទីក្រុង Nanjing (Nanjing Massacre) ក្នុងឆ្នាំ១៩៣៧ ទោះបីជាមានវិបត្តិការទូត រវាងទីក្រុងប៉េកាំង និងតូក្យូ ជុំវិញបញ្ហាកោះតៃវ៉ាន់ក៏ដោយ។
ទីក្រុងប៉េកាំង បានខឹងសម្បាយ៉ាងខ្លាំង ចំពោះប្រទេសជប៉ុន ចាប់តាំងពីនាយករដ្ឋមន្ត្រី លោកស្រី Sanae Takaichi បាននិយាយកាលពីខែវិច្ឆិកាថា សន្មតថា ចិនវាយប្រហារកោះតៃវ៉ាន់ដែលទាមទារដោយចិន អាចបង្កឲ្យមានការឆ្លើយតបផ្នែកយោធាពីប្រទេសជប៉ុន។

គួរដឹងថា ចិន និងជប៉ុនមានជម្លោះជាមួយគ្នាជាយូរមកហើយ ជុំវិញប្រវត្តិសាស្ត្របង្កប់ដោយភាពឈឺចាប់របស់ប្រទេសទាំង ២។ ចិនតែងតែរំលឹកប្រជាជនរបស់ខ្លួនជាប់ជានិច្ច អំពីការសម្លាប់រង្គាលឆ្នាំ១៩៣៧ ដែលខ្លួននិយាយថា ទាហានជប៉ុនបានសម្លាប់មនុស្ស ៣០០.០០០នាក់ នៅក្នុងទីក្រុងដែលពេលនោះជារដ្ឋធានីរបស់ប្រទេស។
សាលាក្តីសម្ព័ន្ធមិត្តក្រោយសង្គ្រាមលោកលើកទី២ បានដាក់ចំនួនអ្នកស្លាប់នៅក្នុងទីក្រុង Nanjing ភាគខាងកើតចំនួន ១៤២.០០០នាក់ ប៉ុន្តែអ្នកនយោបាយ និងអ្នកជំនាញផ្នែកសិក្សាស្រាវជា្រវជប៉ុនអភិរក្សនិយមមួយចំនួន បានបដិសេធថា ការសម្លាប់រង្គាលមិនបានកើតមានសោះឡើយ៕


