ប៉ាឡេស្ទីនបានស្វាគមន៍សេចក្ដីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) កាលពីថ្ងៃសុក្រ (ទី១២ ខែធ្នូ) ដែលទាមទារឲ្យអ៊ីស្រាអែលបញ្ចប់ការរឹតបន្តឹង ចំពោះការផ្តល់ជំនួយមនុស្សធម៌ នៅតំបន់ហ្កាហ្សាស្ទ្រីប។
អាជ្ញាធរការបរទេសប៉ាឡេស្ទីន បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សេចក្ដីសម្រេចនេះ «លើកកម្ពស់ភាពជាអាទិភាពនៃច្បាប់អន្តរជាតិ និងប្រព័ន្ធពហុភាគី» នៅចំពោះមុខគោលនយោបាយដែលរំលោភលើសិទ្ធិមូលដ្ឋានរបស់ប្រជាជនប៉ាឡេស្ទីន។

សេចក្ដីថ្លែងការណ៍ បានបន្ថែមថា សេចក្តីសម្រេចនេះ តំណាងឲ្យ «ការឆ្លើយតបដ៏ត្រឹមត្រូវរបស់អន្តរជាតិ» ចំពោះសកម្មភាពរបស់អ៊ីស្រាអែល ប្រឆាំងនឹងទីភ្នាក់ងារអង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) និងអង្គភាពរបស់ UN ផ្សេងទៀត ដែលប្រតិបត្តិការនៅក្នុងដែនដីកាន់កាប់ប៉ាឡេស្ទីន។
អាជ្ញាធរប៉ាឡេស្ទីនបានសង្កត់ធ្ងន់ថា សារៈសំខាន់នៃសេចក្ដីសម្រេចនេះ អាស្រ័យលើ «ការអនុវត្តភ្លាមៗ និងពេញលេញ» ហើយអាស្រ័យលើសហគមន៍អន្តរជាតិដែលទទួលខុសត្រូវ ទាំងផ្នែកច្បាប់ និងសីលធម៌របស់ខ្លួន។
គួរបញ្ជាក់ថា សេចក្តីព្រាងសេចក្ដីសម្រេចទាមទារឲ្យអ៊ីស្រាអែលអនុញ្ញាតឲ្យមានប្រតិប្តិការមនុស្សធម៌យ៉ាងពេញលេញចូលទៅក្នុងតំបន់ហ្កាហ្សា គោរពភាពមិនអាចរំលោភបំពានបាននៃបរិវេណរបស់ UN និងគោរពតាមកាតព្វកិច្ចរបស់ខ្លួន ក្រោមច្បាប់អន្តរជាតិ៕


