ឆ្មាំល្បាតឆ្នេរហ្វីលីពីន (PCG) នៅថ្ងៃសៅរ៍ (ទី១៣ ខែធ្នូ) បានឲ្យដឹងថា អ្នកនេសាទហ្វីលីពីន ៣នាក់ បានរងរបួស ហើយទូកនេសាទ ២គ្រឿង បានរង «ការខូចខាតយ៉ាងធ្ងន់ធ្ងរ» នៅពេលដែលនាវាឆ្មាំល្បាតឆ្នេរចិន បានប្រើកាណុងបាញ់ទឹកដាក់ នៅតំបន់ថ្មប៉ប្រះទឹកដែលមានជម្លោះ ក្នុងសមុទ្រចិនខាងត្បូង។
PCG របស់ទីក្រុងម៉ានីល បានបញ្ជាក់ថា ទូកនេសាទហ្វីលីពីនជាង ២០គ្រឿង នៅជិតតំបន់ថ្មប៉ប្រះទឹក Sabina Shoal ត្រូវបានគេកំណត់គោលដៅដោយកាណុងបាញ់ទឹក និងរារាំងការធ្វើនាវាចរណ៍ កាលពីថ្ងៃទី១២ ខែធ្នូ។ ទូកឆ្មាំល្បាតឆ្នេរតូច ១គ្រឿងរបស់ចិន ក៏បានកាត់ខ្សែយុថ្ការបស់ទូកហ្វីលីពីនជាច្រើនគ្រឿង ដែលធ្វើឲ្យនាវិករងគ្រោះថ្នាក់។

PCG របស់ទីក្រុងម៉ានីល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «PCG អំពាវនាវឲ្យឆ្មាំល្បាតឆ្នេរចិនប្រកាន់ខ្ជាប់នូវច្បាប់ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដោយផ្តល់អាទិភាពដល់ការការពារអាយុជីវិត នៅសមុទ្រ ជាងការបន្លំអនុវត្តច្បាប់ដែលធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតរបស់អ្នកនេសាទស្លូតត្រង់»។
ស្ថានទូតចិន ប្រចាំនៅទីក្រុងម៉ានីល មិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ នៅក្រៅម៉ោងធ្វើការ។ តែកាលពីថ្ងៃទី១២ ខែធ្នូ ឆ្មាំល្បាតឆ្នេរចិន បានឲ្យដឹងថា ខ្លួនបានបណ្តេញនាវាហ្វីលីពីនជាច្រើនគ្រឿង និងបានចាត់វិធានគ្រប់គ្រង។
តំបន់ Sabina Shoal ដែលចិនសំដៅថា ជាតំបន់ថ្មប៉ប្រះទឹក Xianbin និងហ្វីលីពីន ជា Escoda Shoal ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសហ្វីលីពីន ដោយមានចម្ងាយ ១៥០គីឡូម៉ែត្រ នៅភាគខាងលិចខេត្ត Palawan៕
