យោធាមីយ៉ាន់ម៉ា នៅថ្ងៃសៅរ៍ (ទី១៣ ខែធ្នូ) បានទទួលស្គាល់ថា ពិតជាមានការវាយប្រហារតាមអាកាសទៅលើមន្ទីរពេទ្យមួយកន្លែង នៅភាគខាងលិចនៃរដ្ឋ Rakhine ដែលក្រុមអ្នកជួយសង្គ្រោះ និងសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា បានសម្លាប់មនុស្សជាង ៣០នាក់ រួមមានអ្នកជំងឺ បុគ្គលិកពេទ្យ និងកុមារ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយដោយសារព័ត៌មានរដ្ឋ Global New Light of Myanmar ការិយាល័យព័ត៌មានរបស់របបយោធា បានឲ្យដឹងថា ក្រុមប្រដាប់អាវុធ ដែលរួមមានកងទ័ពជនជាតិភាគតិច Arakan និងកងកម្លាំងការពារប្រជាជន ជាកងជីវពលគាំទ្រលទ្ធិប្រជាធិបតេយ្យដែលត្រូវបានបង្កើតឡើងបន្ទាប់ពីមានការគ្រប់គ្រងដោយកងទ័ពក្នុងឆ្នាំ២០២១ បានប្រើប្រាស់មន្ទីរពេទ្យនេះជាមូលដ្ឋានរបស់ខ្លួន។

សេចក្ដីថ្លែងការណ៍ បានបញ្ជាក់ថា យោធាបានអនុវត្តវិធានការសន្តិសុខចាំបាច់ និងបានបើកប្រតិបត្តិការប្រឆាំងភេរវកម្ម លើអគារមន្ទីរពេទ្យនោះ កាលពីថ្ងៃពុធ។ សេចក្ដីថ្លែងការណ៍បានបន្ថែមថា អ្នកស្លាប់ ឬរបួស គឺជាសមាជិកប្រដាប់អាវុធនៃក្រុមប្រឆាំង និងអ្នកគាំទ្ររបស់ពួកគេ ប៉ុន្តែមិនមែនជាជនស៊ីវិលនោះឡើយ។
គួរបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់ពីសេវាសង្គ្រោះ ក្នុងរដ្ឋ Rakhine បានប្រាប់សារព័ត៌មាន AP កាលពីថ្ងៃព្រហស្បតិ៍ថា មនុស្ស ៣៤នាក់យ៉ាងតិច ក្នុងនោះរួមមានទាំងអ្នកជំងឺ និងបុគ្គលិកពេទ្យផងដែរ បានបាត់បង់ជីវិត និងប្រហែល ៨០នាក់ផ្សេងទៀត បានរងរបួស នៅពេលដែលយន្តហោះចម្បាំងរបស់កងទ័ពបានទម្លាក់គ្រាប់បែក ២គ្រាប់លើមន្ទីរពេទ្យជំងឺទូទៅ ក្នុងតំបន់ Mrauk-U ដែលជាតំបន់គ្រប់គ្រងដោយកងទ័ព Arakan ឬ AA។ លោកបានបន្ថែមថា អគារមន្ទីរពេទ្យត្រូវបានបំផ្លាញដោយគ្រាប់បែក កាលពីយប់ថ្ងៃពុធ៕

