ទីភ្នាក់ងារសារព័ត៌មាន KCNA របស់កូរ៉េខាងជើង នៅថ្ងៃសៅរ៍ (ទី១៣ ខែធ្នូ) បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានចូលរួមពិធីស្វាគមន៍មួយ សម្រាប់អង្គភាពវិស្វកម្មកងទ័ព ដែលបានវិលត្រឡប់មកប្រទេសវិញ បន្ទាប់ពីបានបំពេញភារកិច្ច នៅក្នុងប្រទេសរុស្ស៊ី។
ក្នុងសុន្ទរកថាដែលធ្វើឡើងដោយសារព័ត៌មាន KCNA លោក Kim បានសរសើរមន្រ្តី និងទាហាននៃកង វិស្វកម្មទី៥២៨ នៃកងទ័ពប្រជាជនកូរ៉េ (KPA) សម្រាប់ទង្វើ «ដ៏អង់អាចក្លាហាន» និង «វីរភាពដ៏ធំ» ក្នុងការបំពេញតាមបទបញ្ជាចេញដោយគណបក្សពលករកូរ៉េ ដែលកំពុងកាន់អំណាច ក្នុងអំឡុងពេលនៃការដាក់ពង្រាយនៅក្រៅប្រទេសរយៈពេល ១២០ថ្ងៃ។

វីដេអូដែលចេញផ្សាយដោយកូរ៉េខាងជើង បានបង្ហាញឲ្យឃើញទាហានពាក់ឯកសណ្ឋានចុះពីលើយន្តហោះ លោក Kim បនាឱបទាហានអង្គុយលើរទេះរុញ ហើយទាហាន និងមន្ត្រី បានជួបជុំផ្តុំគ្នាស្វាគមន៍កងទ័ពទាំងនោះ។ សារព័ត៌មាន KCNA បានឲ្យដឹងថា អង្គភាពនេះត្រូវបានបញ្ជូនទៅកាលពីដើមខែសីហា ហើយបានអនុវត្តការងារប្រយុទ្ធ និងវិស្វកម្ម នៅតំបន់ Kursk របស់រុស្ស៊ី ក្នុងសង្គ្រាមរបស់ទីក្រុងមូស្គូជាមួយអ៊ុយក្រែន។
កាលពីខែមុន ក្រសួងការពារជាតិរុស្ស៊ី បានលើកឡើងថា ទាហានកូរ៉េខាងជើង ដែលបានជួយរុស្ស៊ីវាយរុញច្រានការលុកលុយដ៏ធំរបស់អ៊ុយក្រែន នៅងតំបន់ Kursk ភាគខាងលិចរបស់ប្រទេស ឥឡូវនេះ កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបោសសម្អាតតំបន់មានគ្រាប់មីន។
យោងតាមប្រភពកូរ៉េខាងត្បូង អ៊ុយក្រែន និងលោកខាងលិច បានឲ្យដឹងថា នៅក្រោមកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមក រវាងប្រទេសទាំង២ កូរ៉េខាងជើងកាលពីឆ្នាំមុន បានបញ្ជូនទាហានប្រមាណជា ១៤.០០០នាក់ ទៅជួយរុស្ស៊ីប្រយុទ្ធ នៅតំបន់ Kursk ហើយជាង ៦.០០០នាក់ត្រូវបានសម្លាប់៕
