អង្គការយូនីសេហ្វ (UNICEF) កាលពីថ្ងៃសុក្រ (ទី១២ ខែធ្នូ) បានឲ្យដឹងថា យ៉ាងហោចណាស់កុមារ ៣២នាក់ ត្រូវបានគេរាយការណ៍ថា ត្រូវបានសម្លាប់នៅក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីបទឈប់បាញ់បានចូលជាធរមានក្នុងខែតុលា ដោយព្រមានអំពីអ្វីដែលខ្លួនបានពិពណ៌នាថា ជា «គំរូនៃការមានអំពើហិង្សាដ៏គួរឲ្យតក់ស្លុត»។
អំឡុងពេលនិយាយទៅកាន់អ្នកសារព័ត៌មាន នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស អ្នកនាំពាក្យរបស់អង្គការយូនីសេហ្វ លោក Ricardo Pires បានប្រាប់ថា៖ «អង្គការយូនីសេហ្វ ដឹងថា បើតាមសេចក្តីរាយការណ៍ ឥឡូវនេះ កុមារចំនួន ៨២នាក់ ត្រូវបានសម្លាប់នៅតំបន់ហ្កាហ្សា ចាប់តាំងពីថ្ងៃទី១០ ខែតុលា ដែលជាគំរូដ៏គួរឲ្យតក់ស្លុតមួយ ហើយវាត្រូវតែបញ្ឈប់ជាបន្ទាន់»។
យោងតាមការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់តំបន់ហ្កាហ្សា បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៣៨៦នាក់ ត្រូវបានសម្លាប់ និង ៩៨០នាក់ផ្សេងទៀតបានរងរបួស ដោយសារការបាញ់ប្រហាររបស់កងទ័ពអ៊ីស្រាអែល ចាប់តាំងពីមានបទឈប់បាញ់។

ហើយការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ក៏បានរាយការណ៍ផងដែរនូវការវាយប្រហារជាង ៣៥០លើក ចាប់តាំងពីបទឈប់បាញ់បានចូលជាធរមាន ដោយបានបញ្ជាក់ថា «ការវាយប្រហារទាំងអស់ ស្ថិតនៅក្នុងតំបន់ ជុំវិញនៃអ្វីដែលគេហៅថា «បន្ទាត់ពណ៌លឿង» ដោយមានជនជាតិប៉ាឡេស្ទីនយ៉ាងតិច ១២១នាក់បានបាត់បង់ជីវិត ក្នុងនោះមានស្ត្រី ៧នាក់ កុមារ ៣០នាក់ ហើយរបួសជាច្រើននាក់ទៀត។
ទោះបីជាបទឈប់បាញ់បានចូលជាធរមានកាលពីថ្ងៃទី១០ ខែតុលាក៏ដោយ ក៏ស្ថានភាពរស់នៅក្នុងតំបន់ហ្កាហ្សាមិនមានភាពប្រសើរឡើងឡើយ ដោយសារអ៊ីស្រាអែលនៅតែបន្តដាក់កម្រិតយ៉ាងតឹងរ៉ឹង ចំពោះការចូលរបស់រថយន្តជំនួយទៅកាន់តំបន់នេះ ដោយបំពានលើពិធីសារមនុស្សធម៌នៃកិច្ចព្រមព្រៀងនោះ៕

