លោកប្រធានាធិបតី Volodymyr Zelenskyy នាថ្ងៃសោរ៍ (ទី១៣ ខែធ្នូ) នេះ បានឲ្យដឹងនៅលើកម្មវិធីផ្ញើសារ Telegram ថា កងកម្លាំងរុស្ស៊ី បានបើកការវាយប្រហារដ៏ធំបំផុតមួយ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ នាពេលយប់ ដោយបានប្រើប្រាស់យានដ្រូនជាង ៤៥០គ្រឿង និងមីស៊ីលប្រភេទផ្សេងៗប្រហែល ៣០គ្រាប់លើប្រទេសអ៊ុយក្រែន។
យោងតាមលោក Zelensky បានឲ្យដឹងថា គោលដៅចម្បងនៃការវាយប្រហារនេះ គឺថាមពល និងហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មនេះ ជាពិសេសនៅតំបន់ភាគខាងត្បូង និងទីក្រុង Odesa។ មនុស្ស ២នាក់ បានរងរបួស នៅទីក្រុង Odesa ហើយទីតាំងជនស៊ីវិលជាង ១០កន្លែង ត្រូវបានរងខូចខាត នៅទូទាំងប្រទេស។

ជាមួយគ្នានេះ ប្រជាជនរាប់ពាន់គ្រួសារត្រូវគ្មានអគ្គិសនីប្រើប្រាស់ នៅក្នុងតំបន់ Kirovohrad, Mykolaiv, Odesa, Sumy, Kharkiv, Kherson និងតំបន់ Chernihiv។ ហើយការវាយប្រហារក៏ត្រូវបានគេរាយការណ៍ផងដែរនៅក្នុងតំបន់ Dnipropetrovsk និង Cherkasy។
លោក Zelensky បានបញ្ជាក់ថា៖ «ការវាយប្រហារដ៏ធំ បង្ហាញពីចេតនារបស់រុស្ស៊ី ក្នុងការបន្តងំពើភេរវកម្ម ប្រឆាំងនឹងជនស៊ីវិល។ រាល់ជំហាននៃការប្រព្រឹត្តភេរវកម្មរបស់ពួកគេ ពោលញគឺការវាយប្រហារទាំងអស់ បង្ហាញថា នេះមិនមែនជាការបញ្ចប់សង្រ្គាមនោះទេ។ ពួកគេចង់បំផ្លាញរដ្ឋរបស់យើង និងធ្វើឲ្យមានការឈឺចាប់ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ នោះហើយជាមូលហេតុដែលយើងត្រូវការការគាំទ្រ ដើម្បីការពារអាយុជីវិត និងបញ្ចប់សង្រ្គាមនេះ ដែលមានដូចជាប្រព័ន្ធការពារដែនអាកាសដ៏រឹងមាំ ការគាំទ្រសម្រាប់ទាហានរបស់យើងនៅសមរភូមិជួរមុខ សមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយកាន់តែច្រើន និងការដាក់សម្ពាធលើប្រទេសរុស្ស៊ី»៕
