មន្ត្រីអឺរ៉ុបបារម្ភកាន់តែខ្លាំងឡើងៗថា កិច្ចព្រមព្រៀងសន្តិភាពគាំទ្រដោយសហរដ្ឋអាមេរិកដែលកំពុងលេចចេញ ពាក់ព័ន្ធនឹងអ៊ុយក្រែន អាចត្រូវបានរុស្ស៊ីទទួលផលស្ងាត់ៗ ដោយបើកផ្លូវឲ្យមានការឈ្លានពានឡើងវិញលើដែនដី ក្នុងតំបន់ភាគខាងកើត Donbas របស់ប្រទេសដែលរងគ្រោះដោយសង្រ្គាមមួយនេះ។
បើយោងតាមបុគ្គលដែលដឹងពីបញ្ហានេះ បានបង្ហើបឲ្យដឹងថា ការភ័យខ្លាចដែលជាចំណុចជាប់គាំងដ៏ធំ នៅក្នុងកិច្ចពិភាក្សា នាពេលថ្មីៗនេះ គឺថា ផែនការរបស់សហរដ្ឋអាមេរិក សម្រាប់តំបន់គ្មានយោធា នឹងអាចឲ្យវិមានក្រឹមឡាំងដាក់ពង្រាយកងកម្លាំងដោយសម្ងាត់ នៅក្នុងតំបន់ដែលមានការប្រទាញប្រទង់នេះ។
ពួកគេបានបញ្ជាក់ថា បន្ទាប់មក វិមានក្រឹមឡាំងអាចនឹងប្រើយុទ្ធសាស្ត្រកូនកាត់ ដែលរួមមានទាំងអ្វីដែលគេហៅថា ប្រតិបត្តិការក្លែងក្លាយ ដើម្បីធ្វើឲ្យខូចដល់ការធានាសន្តិសុខរបស់សហរដ្ឋអាមេរិក និងបង្កើតលេស ដើម្បីធ្វើការលុកលុយថ្មី។

រយៈពេលជិត ៤ឆ្នាំបន្ទាប់ពីមានការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ី ការគ្រប់គ្រងលើដែនដី គឺជាចំណុចដ៏សំខាន់នៃដំណើរការចរចាដ៏ស្មុគស្មាញ រវាងទីក្រុងវ៉ាស៊ីនតោន គីវ និងមូស្គូ ខណៈដែលមន្រ្តីពាក់ព័ន្ធនឹងការចរចានេះ ឆ្ពោះទៅមុខដោយល្បឿនយឺតយ៉ាងខ្លាំង ក្នុងការអាចឈានដល់កិច្ចព្រមព្រៀងមួយ។
ក្រុងម៉ូស្គូកំពុងទាមទារឲ្យកងកម្លាំងអ៊ុយក្រែនដកចេញពីតំបន់ Donetsk និង Luhansk ភាគខាងកើត រួមទាំងដែនដីដែលរុស្ស៊ីមិនបានគ្រប់គ្រងផងដែរ ខណៈទីក្រុងគីវកំពុងបដិសេធមិនលះបង់ដែនដី។ សេចក្ដីលម្អិតនៃការចរចា គឺស្ថិតក្នុងភាពប្រែប្រួល។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា សហរដ្ឋអាមេរិក បានពិភាក្សាអំពីការប្រែក្លាយតំបន់ Donbas ទៅជា «តំបន់សេដ្ឋកិច្ចសេរី» ក្រោមការគ្រប់គ្រងពិសេស ខណៈដែលរុស្ស៊ីបានជ្រើសរើស «តំបន់គ្មានយោធា»៕

