ក្រុមមន្រ្តីនិយាយថា នៅថ្ងៃនេះនគរបាលនៅរដ្ឋ Rhode Island របស់សហរដ្ឋអាមេរិក កំពុងតាមរកចាប់ខ្លួនជនសង្ស័យ ក្នុងហេតុការណ៍បាញ់ប្រហារនៅសាកលវិទ្យាល័យ Brown ស្ថិតក្នុងទីក្រុង Providence ដែលបណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ និងមនុស្ស ៨នាក់ផ្សេងទៀត រងរបួស នៅអគារសាលារៀន Ivy League ។
លោក Brett Smiley គឺជាអភិបាលក្រុង Providence និយាយនៅក្នុងសន្និសីទសារព័ត៌មានថា នគរបាលកំពុងស្វែងរកខ្មាន់កាំភ្លើង ដែលវាយប្រហារអគារវីស្វកម្ម Barus & Holleyនៅសាកលវិទ្យាល័យ Brown ជាទីដែលការប្រឡង បានធ្វើឡើងនៅពេលនោះ ។

ក្រុមមន្រ្តីនិយាយថា នគរបាលកំពុងតាមរកចាប់ខ្លួនបុរសម្នាក់ស្លៀកពាក់ឯកសណ្ឋានពណ៌ខ្មៅ ហើយនិងស្វែងរកកាមេរ៉ាសុវត្ថិភាពក្នុងស្រុកនៅតំបន់នោះ ដើម្បីទទួលបានការព័ត៌មានកាន់តែច្បាស់ពីជនសង្ស័យ ។
លោក Smiley និយាយទៀតថា ក្រុមមន្រ្តីមិនទាន់អាចផ្តល់ព័ត៌មានលម្អិតពីជនរងគ្រោះនៅឡើយនោះទេ ។ លោកសោកស្ដាយចំពោះការបាញ់ប្រហារនេះ និងស្នើសុំឲ្យសាធារណជនបួងសួងដល់គ្រួសារជនរងគ្រោះទាំងនោះ ។
សូមបញ្ជាក់ថា សាកលវិទ្យាល័យ Brown ស្ថិតក្នុងសង្កាត់ College Hill នៃទីក្រុង Providence ដែលជារដ្ឋធានីរបស់រដ្ឋ Rhode Island ។ សាកលវិទ្យាល័យនេះដែរ មានអគាររាប់រយកន្លែង រួមទាំងអគារបង្រៀន មន្ទីរពិសោធន៍ និងអន្តេវាសិកដ្ឋាន ៕
