អ្នកទោសត្រូវបានដោះលែងរួមទាំងម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាពលោក Ales Bialiatski ត្រូវបានស្វាគមន៍នៅស្ថានទូតសហរដ្ឋអាមេរិក ស្ថិតក្នុងរដ្ឋធានីរបស់ប្រទេសលីទុយអានី កាលពីថ្ងៃសៅរ៍ ។
អាជ្ញាធរអ៊ុយក្រែនបាននិយាយថា បេឡារុសបានដឹកអ្នកទោសចំនួន១១៤នាក់ មកទម្លាក់នៅក្នុងទឹកដីអ៊ុយក្រែន កាលពីរសៀលថ្ងៃសៅរ៍ ។
លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បានបង្ហោះសារភ្លាមៗ ថ្លែងអំណគុណប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងរដ្ឋបាលរបស់លោក ដែលបានជួយជ្រោមជ្រែងចរចា ដើម្បីឈានដល់កិច្ចព្រមព្រៀងដោះលែងអ្នកទោសនេះ ។
លោក John Coale ប្រេសិតពិសេសរបស់លោក Trump បានប្រកាសថា លោកបានចរចាជាមួយប្រធានាធិបតីបេឡារុសលោក Aleksandr Lukashenko ទៅតាមការបញ្ជាពីលោកដូណាល់ Trump ។
លោកថា សហរដ្ឋអាមេរិកបានសុខចិត្តដកចេញទណ្ឌកម្មសេដ្ឋកិច្ច ដែលបានដាក់ទៅលើរ៉ែប៉ូតាសរបស់បេឡារុស ហើយជាថ្នូរវិញ បេឡារុសសន្យាដោះលែងអ្នកទោសនយោបាយ ចំនួនប្រមាណ១ពាន់នាក់ ។
លោក Coale បានលើកឡើងទៀតថា ការសុខចិត្តដោះលែងអ្នកទោសនយោបាយជាង១០០នាក់ នៅពេលនេះ គឺមានន័យថាបេឡារុសចង់ភ្ជាប់ទំនាក់ទំនងល្អឡើងវិញ ជាមួយលោកខាងលិច ។
សូមបញ្ជាក់ថា ការដោះលែងអ្នកទោសនេះ គឺជាការដោះលែងអ្នកទោសច្រើនជាងគេបំផុតមកទល់នឹងពេលនេះ ដោយលោក Lukashenko ដែលជាសម្ព័ន្ធមិត្តជិតស្និតរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ចាប់តាំងពីរដ្ឋបាលលោក Trump បើកកិច្ចពិភាក្សាក្នុងឆ្នាំនេះ ៕
