រដ្ឋបាលអាកាសចរណ៍សហព័ន្ធ(FAA) និយាយថា ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines ដែលធ្វើដំណើរទៅកាន់ទីក្រុងតូក្យូ របស់ប្រទេសជប៉ុន បានបង្ខំវិលត្រឡប់មកកាន់អាកាសយានដ្ឋានអន្តរជាតិ Dulles វិញ ស្ថិតនៅភាគខាងជើងរដ្ឋ Virginia សហដ្ឋអាមេរិក កាលពីរសៀលថ្ងៃសៅរ៍ ក្រោយជួបបញ្ហាម៉ាស៊ីន អំឡុងពេលចាកចេញ ។

FAA និយាយថា ពួកគេនឹងបើកការស៊ើបអង្កេតឧបទ្ទេវហេតុនេះនៅលើជើងហោះហើរ United Flight 803 ដែលជាប់ពាក់ព័ន្ធនឹងយន្តហោះ Boeing 777-200 ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines និយាយថា យន្តហោះបានចុះចតភ្លាមៗ ក្រោយពេលហោះឡើង ដោយសាររលត់ម៉ាស៊ីនមួយ ។ ពុំមានអ្នករងរបួសត្រូវបានរាយការណ៍នោះទេ នៅក្នុងចំណោមអ្នកដំណើរ ២៧៥នាក់ និងអាកាសយានិក ១៥នាក់ នៅលើយន្តហោះ ។
រូបថតសន្លឹកដែលបានបង្ហោះនៅលើបណ្តាញព័ត៌មានសង្គម ឃើញផ្សែងភ្លើងឆេះកុម្ពោតព្រៃនៅជិតផ្លូវរត់ដែលគេជឿថា ពាក់ព័ន្ធនឹងឧបទ្ទេវហេតុមួយនេះ ។ ភ្លើងឆេះនោះ ត្រូវបានពន្លត់ភ្លាមៗ ៕
