គិតត្រឹមវេលាម៉ោង ៨៖៥០នាទី ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃបាន និងកំពុងបន្តបាញ់ប្រហារចូលដីកម្ពុជាយ៉ាងខ្លាំង ក្នុងភូមិសាស្រ្ដយោធមភូមិភាគទី៤ និងទី៥ កម្ពុជា ក្នុងនោះមានកន្លែងខ្លះទាហានថៃ បានរុញកម្លាំងថ្មើជើងចូលមកផងដែរ តែត្រូវបានកម្លាំងកម្ពុជា បានទប់ទល់ និងបាញ់ទប់ស្កាត់យ៉ាងខ្លាំងក្លា ដើម្បីការពារបូរណភាពទឹកដី និងប្រជាជនកម្ពុជា។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកជំទាវ ម៉ាលី សុជាតា បានឱ្យដឹងតាមរយៈសន្និសីទ សារព័ត៌មាននៅព្រឹកមិញនេះថា រហូតមកដល់ព្រឹកនេះយោធាថៃនៅបន្តធ្វើសកម្មភាពបាញ់ ប្រហារមកលើកងកម្លាំង និងភូមិដ្ឋានប្រជាជនស៊ីវិលក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាក្នុងភូមិសាស្រ្ដយោធភូមិភាគទី៤ និងទី៥ ដោយប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទរបស់ប្រទេសថៃ ប៉ុន្ដែកងកម្លាំងកម្ពុជាបានឈរជើងយ៉ាងរឹងមាំការពារបូរណភាពទឹកដីមិនឱ្យសត្រូវឈ្លានពានបានឡើយ។
លោកជំទាវបានឱ្យដឹងថា នៅព្រឹកនេះ សម្រាប់សមរភូមិថ្មដា ខេត្តពោធិ៍សាត់ ទាហានថៃ បានប្រើ F16 បាញ់ទម្លាក់ និងប្រឹងបញ្ជូនកម្លាំងថ្មើជើងចង់ចូលកាន់កាប់ទីតាំងយើង តែកម្លាំងយើងបានទប់ទល់ និងវាយបកយ៉ាងខ្លាំងក្លា។ សម្រាប់សមរភូមិនៅបឹងត្រកួន ទាហានថៃបានបាញ់ផ្លោងចូលនៅវេលាម៉ោង ៦៖៣០នាទី និងសមរភូមិជោគជ័យ ទាហានថៃ បានបាញ់ចូលនៅវេលាម៉ោង ៧៖៥០នាទី។ នៅសមរភូមិខេត្តឧត្តរមានជ័យ រួមមាន ថ្មដូន ប្រាសាទតាក្របី ប្រាសាទតាមាន់ និងប្រាសាទខ្នារ ទាហានថៃ ក៏កំពុងបាញ់ផ្លោងចូលផងដែរ។ នៅខេត្តព្រះវិហារ ទាហានថៃ មិនទាន់ឈប់ទេ នៅបន្តបាញ់ផ្លោងចូលភ្នំខ្មោច តាថាវ ប្រាសាទព្រះវិហារ វាយឥន្ទ្រីយ៍ តាសឹម ភ្នំទ្រព្យ ចាក់ច្រែង។
សូមបញ្ជាក់ថា ទង្វើដែលគ្មានការទទួលខុសត្រូវ និងខុសច្បាប់របស់ភាគីថៃឈ្លានពានដែនអធិបតេយ្យភាពកម្ពុជានេះបានបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុតមិនត្រឹមតែសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិផងដែរ៕