សហរដ្ឋអាមេរិក បានចោទប្រកាន់ប្រទេសរ៉្វាន់ថា កំពុងបង្កអស្ថិរភាព និងសង្រ្គាម ពេលដែលការរុលចូលរបស់ក្រុមឧទ្ទាម M23គាំទ្រដោយរ៉្វាន់ដា នៅភាគខាងកើតសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោគំរាមកំហែងដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីអាមេរិក Donald Trump ដើម្បីសម្របសម្រួលសន្តិភាពក្នុងតំបន់ ។

លោក Mike Waltz ដែលជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ(UN) និយាយប្រាប់ក្រុមប្រឹក្សា UNថា រ៉្វាន់ដាកំពុងនាំឲ្យតំបន់ធ្លាក់ទៅក្នុងអស្ថិរភាពកើនឡើង និងសង្រ្គាម ។ ពួកយើងនឹងប្រើមធ្យោបាយដែលពួកយើងមាន ដើម្បីដោះស្រាយបញ្ហាបង្កឲ្យមានការរំខានដល់សន្តិភាព ។
ក្រុមឧទ្ទាម M23 បានរុលចូលដល់ទីក្រុងភាគខាងកើត Uvira ដែលជាទីក្រុងយុទ្ធសាស្រ្តរបស់កុងហ្គោ ក្នុងការកើនឡើងភាពតានតឹងខ្លាំងបំផុត អំឡុងពេលជាច្រើនខែកន្លងមកនេះនៃសង្រ្គាមអូសបន្លាយពេល ។

ទីក្រុង Uvira គឺជាមូលដ្ឋានទ័ពដ៏សំខាន់មួយសម្រាប់កងទ័ពកុងហ្គោ ស្ថិតនៅជិតប្រទេសប៊ូរុនឌី ។ ចាប់តាំងពីខែកុម្ភៈរហូតមក ទីក្រុងមួយនេះ ដើរតួនាទីជាទីស្នាក់ការកណ្តាលរបស់រដ្ឋាភិបាលកុងហ្គោមានមូលដ្ឋាននៅទីក្រុង Kinshasa ស្ថិតក្នុងខេត្ត South Kivu ។ ការរុលចូលនេះ បានកើតមានឡើង ក្រោយរដ្ឋធានី Bukavu របស់ខេត្ត South Kivu ធ្លាក់នៅក្នុងកណ្តាប់ដៃក្រុមឧទ្ទាម ។
ការរុលចូលនេះដែរ បានកើតមានឡើងរយៈពេលតិចជាង ១សប្តាហ៍ប៉ុណ្ណោះ ក្រោយកុងហ្គោ និងរ៉្វាន់ដា បញ្ជាក់ការប្តេជ្ញាចិត្តរបស់ពួកគេចំពោះកិច្ចព្រមព្រៀងសន្តិភាពគាំទ្រដោយសហរដ្ឋអាមេរិក ។
ចាប់តាំងពីពេលនោះមក ប្រទេសទាំង ២ បានចោទប្រកាន់គ្នាទៅវិញទៅមកពីការបំពានកិច្ចព្រមព្រៀងសន្តិភាព ។
ប្រទេសរ៉្វាន់ដា បានច្រានចោលការគាំទ្រក្រុមឧទ្ទាម M23នៅកុងហ្គោ ដោយពួកគេនិយាយថា ទាហានរបស់ខ្លួននៅភាគខាងកើតកុងហ្គោ សម្រាប់វិធានការការពារខ្លួនប៉ុណ្ណោះ ។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងវ៉ាស៊ីនតោន និងអង្គការសហប្រជាជាតិ និយាយថា ភ័ស្តុតាងបញ្ជាក់ថារ៉្វាន់ដាគាំទ្រក្រុមឧទ្ទាម គឺច្បាស់ក្រឡែត ៕