ប្រទេសឥណ្ឌា បានរឹតបន្តឹងវិធានការប្រឆាំងនឹងការបំពុលបរិយាកាសក្នុងទីក្រុងញូវដែលី និងតំបន់ជាប់នោះ បន្ទាប់ពីគុណភាពខ្យល់ក្នុងរដ្ឋធានីឥណ្ឌា ធ្លាក់ចុះដល់កម្រិតអាក្រក់បំផុតក្នុងរដូវកាលនេះ។
យោងតាមសេចក្ដីណែនាំរបស់ក្រសួងបរិស្ថានឥណ្ឌា បានឱ្យដឹងថា គណៈកម្មការគ្រប់គ្រងគុណភាពខ្យល់ បានសម្រេចប្រើប្រាស់វិធានការទប់ស្កាត់ការបំពុលខ្យល់ដំណាក់កាលទី៤ ដែលជាកម្រិតខ្ពស់បំផុត នៃផែនការសកម្មភាពឆ្លើយតបកម្រិតមធ្យមនៅទីក្រុងដែលី និងតំបន់ជុំវិញនោះ កាលពីល្ងាចថ្ងៃសៅរ៍ (១៣ ធ្នូ)។

នៅថ្ងៃអាទិត្យនេះ ទិន្នន័យរបស់ក្រុមប្រឹក្សាកណ្តាលសម្រាប់ត្រួតពិនិត្យការបំពុលខ្យល់របស់ឥណ្ឌា បានបង្ហាញថា គុណភាពខ្យល់ទីក្រុងដែលី ស្ថិតក្នុងកម្រិត «ធ្ងន់ធ្ងរ» ជាមួយនឹងអំណានសន្ទស្សន៍ផ្លូវការលើសពី ៤៥០ នៅទូទាំងស្ថានីយ៍ត្រួតពិនិត្យជាច្រើន ពោលគឺកើនឡើងពីកម្រិត ៤៣០ កាលពីថ្ងៃសៅរ៍ និងជាតួលេខខ្ពស់បំផុតរហូតមកដល់ពេលនេះក្នុងរដូវរងានេះ។ គួរឱ្យដឹងថា អំណានសន្ទស្សន៍គុណភាពខ្យល់ក្រោម ៥០ គឺចាត់ទុកថា "ល្អ"។
ខណៈវិបត្តិបំពុលបរិយាកាសកាន់តែធ្ងន់ធ្ងរ អាជ្ញាធរឥណ្ឌា រឹតបន្តឹងការហាមឃាត់នៅទីក្រុងញូវដែលី មិនឱ្យរថយន្តដឹកទំនិញប្រើម៉ាស៊ូតចាស់ៗចូលក្នុងក្រុង ផ្អាកការសាងសង់ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអប់រំបែបចម្រុះ ពោលគឺរៀននៅថ្នាក់ផ្ទាល់ លាយជាមួយអនឡាញ។ អាជ្ញាធរបានជំរុញប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ដែលមានប្រមាណ ៣០លាននាក់ ឱ្យស្នាក់នៅក្នុងផ្ទះ ជាពិសេសកុមារ និងអ្នកមានជំងឺផ្លូវដង្ហើម ឬបេះដូង ហើយពិចារណាពាក់ម៉ាស់ ប្រសិនបើចេញទៅខាងក្រៅ៕
