មីយ៉ាន់ម៉ា៖ សហគមន៍អន្តរជាតិបានទទូចសុំ ឲ្យមានការអត់ធ្មត់កាលពីថ្ងៃច័ន្ទ បន្ទាប់ពីក្រុមបាតុករប្រឆាំងរដ្ឋប្រហារយ៉ាងហោចណាស់ ១១នាក់ទៀរតត្រូវបានសម្លាប់នៅក្នុងសហភាពមីយ៉ាន់ម៉ា ខណៈក្រុមបាតុករបានវិលត្រឡប់ទៅតវ៉ា នៅតាមដងផ្លូវនានាជាថ្មីទាមទារឲ្យរស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ ទោះបីមានការបង្ក្រាបយ៉ាងបង្ហូរឈាម ពីសំណាក់រដ្ឋាភិបាលយោធាក៏ដោយ។

អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក ចិន និងអង់គ្លេសបានថ្កោលទោសចំពោះអំពើហិង្សា ដែលអង្គការសហប្រជាជាតិបាននិយាយថា អំពើហិង្សានេះបានឆក់យកជីវិតអ្នកតវ៉ា ដោយស្ងៀមស្ងាត់យ៉ាងហោចណាស់ ១៣៨នាក់រួមទាំងស្ត្រី និងកុមារ ចាប់តាំងពីក្រុមឧត្ដមសេនីយ៍បានបណ្ដេញមេដឹកនាំស៊ីវិល លោកស្រី Aung San Suu Kyi ចេញពីតំណែងកាលពីខែកុម្ភៈ។ រហូតមកដល់ពេលនេះ ឧត្ដមសេនីយ៍មីយ៉ាន់ម៉ាមិនបានបង្ហាញសញ្ញាណាមួយ ពីការយកចិត្តទុកដាក់ចំពោះការអំពាវនាវឲ្យមានការអត់ធ្មត់នោះទេ។ ថ្ងៃដ៏អាក្រក់បំផុតបានកើតឡើងកាលពីថ្ងៃអាទិត្យ នៅពេលក្រុមបាតុករជាងជិត ៤០នាក់ត្រូវបានសម្លាប់ នៅពេលដែលកម្លាំងសន្តិសុខបានបង្ក្រាបការប្រមូលផ្តុំគ្នានានា គាំទ្រលទ្ធិប្រជាធិបតេយ្យ។
ប៉ុន្តែការសម្លាប់ទាំងនេះមិនបានបញ្ឈប់ក្រុមបាតុករ ដែលបានចេញតវ៉ាម្តងទៀតកាលពីថ្ងៃច័ន្ទ ដោយប្រឈមគ្រោះថ្នាក់ជាថ្មី ដូចអ្វីដែលក្រុមអ្នកឃើញហេតុការណ៍និយាយថា ជាការបង្ក្រាបដ៏សាហាវរបស់រដ្ឋាភិបាលយោធា។ អ្នកដែលត្រូវបានសម្លាប់កាលពីថ្ងៃច័ន្ទ ត្រូវបានគេបាញ់សម្លាប់នៅទីតាំងជាច្រើន ក្នុងតំបន់ភាគកណ្ដាលរបស់ប្រទេសនេះ៕
អត្ថបទ៖ សុខមាន