អ៊ុយក្រែន៖ យោងតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាលអ៊ុយក្រែនឲ្យដឹងថា ជនជាតិអ៊ុយក្រែនយ៉ាងហោចណាស់ ១៩៨នាក់រួមទាំងកុមារ ៣នាក់បានស្លាប់ដោយសារតែការវាយប្រហារជាបន្តបន្ទាប់ពីសំណាក់រុស្ស៊ី។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Viktor Lyashko បានប្រាប់ទីភ្នាក់ងារសារព៍ត៌មាន Interfax ថា មនុស្សចំនួន ១,១១៥នាក់ផ្សេងទៀតរួមទាំងកុមារ ៣៣នាក់បានរងរបួសក្នុងការឈ្លានពានរបស់រុស្ស៊ី។

កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសរុស្ស៊ីបានចាប់ផ្ដើមការវាយប្រហារតាមអាកាសទ្រង់ទ្រង់ធំ និងបាញ់ផ្លោងមីស៊ីល ហើយកងទ័ពបានចូលទៅក្នុងអ៊ុយក្រែនពីតាមច្រកភាគខាងជើង ខាងកើត និងខាងត្បូង។ ចំនួនដ៏ច្រើននេះបានកើតឡើង ខណៈប្រទេសរុស្ស៊ីបានបង្កើនការវាយលុកផ្នែកយោធារបស់ខ្លួនកាលពីថ្ងៃសៅរ៍ ដោយការវាយប្រហារដ៏ខ្លាំងក្លារួមទាំងការបាញ់ផ្លោងទៅលើប្លុកផ្ទះល្វែងក្នុងរដ្ឋធានី Kyiv ផងដែរ។ ក្រុមមន្ត្រីនៅទីក្រុងនេះបានបញ្ជាឲ្យប្រជាពលរដ្ឋក្នុងតំបន់ស្វែងរកជម្រកមានសុវត្ថិភាព ខណៈការវាយប្រយុទ្ធគ្នាតាមដងផ្លូវបណ្ដាលឲ្យមនុស្សរាប់សិបនាក់រងរបួសក្នុងរដ្ឋធានីរបស់អ៊ុយក្រែន៕
អត្ថបទ៖ សុខមាន