ប្រជាជនហុងគ្រីរាប់ពាន់នាក់ បាននាំគ្នាដង្ហែក្បួនតវ៉ាទៅកាន់ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី Viktor Orban កាលពីថ្ងៃសៅរ៍ (១៣ ធ្នូ) ដឹកនាំដោយមេដឹកនាំបក្សប្រឆាំង Peter Magyar ដែលបានជំរុញឱ្យលោក Orban លាលែងពីតំណែង ដោយសាររឿងអាស្រូវរំលោភបំពានលើកុមារ នៅឯមជ្ឈមណ្ឌលឃុំឃាំងអនីតិជន។
ក្រុមអ្នកតវ៉ាបានប្រមូលផ្ដុំគ្នាដើរឆ្លងកាត់ដងផ្លូវដ៏ត្រជាក់នៃទីក្រុងប៊ុយដាប៉ែស នៅពីក្រោយបដាតវ៉ាដែលសរសេរថា "ការពារកុមារ!" ដោយកាន់តុក្កតាកូនក្មេង និងភ្លើងគប់ ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយជនរងគ្រោះ នៃការរំលោភបំពានរាងកាយ នៅក្នុងសំណុំរឿងមួយដែលមានអាយុកាលជាច្រើនឆ្នាំមកហើយ។

ការិយាល័យយុត្តិធម៌ បាននិយាយកាលពីថ្ងៃពុធកន្លងទៅថា រហូតមកដល់ពេលនោះ មនុស្ស ៧នាក់ ត្រូវបានឃុំខ្លួននៅមជ្ឈមណ្ឌលអនីតិជនដែលគ្រប់គ្រងដោយរដ្ឋ នៅទីក្រុងប៊ុយដាប៉ែស។ លោក Orban ក៏បានថ្កោលទោសការរំលោភបំពាននេះ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ដោយហៅហេតុការណ៍នេះថា មិនអាចទទួលយកបាននោះទេ និងជាបទព្រហ្មទណ្ឌ។
អ្នកតវ៉ាម្នាក់ដែលកំពុងដង្ហែក្បួនទៅកាន់ការិយាល័យរបស់លោក Orban នៅលើដងវិថី Castle Hill ក្នុងទីក្រុងប៊ុយដាប៉ែស បាននិយាយថា "រឿងគួរឱ្យស្អប់ខ្ពើមកាន់តែច្រើនឡើងៗនៅតែបន្តលេចឡើងជារៀងរាល់ថ្ងៃ ដែលគ្រប់គ្នាធ្លាប់គិតថា មិនអាចកើតឡើងឡើយនៅក្នុងប្រទេសនេះ"៕


