នៅព្រឹកថ្ងៃទី១៤ ខែធ្នូនេះ កម្លាំងស្មារតីសាមគ្គីភាពក្នុងនាមឈាមជ័រជាខ្មែរ កាន់តែផុលផុសខ្លាំងក្លា ក្នុងការបន្តប្រមូលជំនួយ សម្រាប់ផ្តល់ជំនួយឧបត្ថម្ភទៅកាន់សមរភូមិមុខជូនវីរជនកងទ័ព និងបងប្អូនជនភៀសសឹក។
ជាក់ស្ដែងនៅព្រឹកនេះ រដ្ឋបាលខណ្ឌ៧មករា ក៏ដូចជាបងប្អូនសប្បុរសជន ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានរៀបចំច្រកអំបុកសាមគ្គីតបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុនសែន រួមទាំងសម្ភារៈ ស្បៀងអាហារ និងថវិកា ក្នុងការផ្តល់ជួយទៅកាន់វីរជនកងទ័ព នៃយើង និងបងប្អូនប្រជាជនភៀសសឹក ដើម្បីជាការរួមចំណែកក្នុងគ្រាដែលប្រទេសជាតិ ត្រូវបានទទួលរងនូវការឈ្លានពានទឹកដីពីប្រទេសជិតខាង ។
ប្រជាពលរដ្ឋ ជាសប្បុរសជនដែលបានចូលរួមជាមួយសកម្មភាពសប្បុរស ក្នុងការផ្តល់ជំនួយឧបត្ថម្ភខាងលើ បានបង្ហាញការយល់ឃើញថា ក្នុងកាលៈទេសៈពេលនេះ ប្រជាជនកម្ពជាពុំអាចនៅស្ងៀមឈរឱបដៃមើលប្រទេសជាតិខ្លួនឯងត្រូវបានចោរឈ្លានពាននោះឡើយ ដូច្នោះហើយកម្លាំងសាមគ្គីភាព គឺជាផ្នែកដ៏សំខាន់បំផុតក្នុងការជួយគ្នា ដើម្បីការពារអធិបតេយ្យភាពទឹកដី ។
គួរបញ្ជាក់ គិតត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ មានរយៈពេល៨ថ្ងៃហើយ ដែលកងកម្លាំងយោធាប្រទេសថៃ បានបើកការបាញ់ប្រហារឈ្លានពានចូលមកក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាយ៉ាងសាហាវព្រៃផ្សៃបំផុត ដោយបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែងពលរដ្ឋ, ប្រជាជនរ៉ាប់ម៉ឺននាក់ ត្រូវភៀសសឹក ពិសេសបានសម្លាប់អាយុជីវិតពលរដ្ឋស្លូតត្រង់ជាច្រើនផងដែរ ៕ អត្ថបទ ៖ លីហេង









