ការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅក្នុងយប់ទីពីរកាលពីថ្ងៃសៅរ៍ (១៣ ធ្នូ) រវាងកងកម្លាំងនគរបាល និងយុវជននៅក្នុងទីក្រុង Kairouan ភាគកណ្តាលប្រទេសទុយនីស៊ី បន្ទាប់ពីបុរសម្នាក់បានស្លាប់ក្រោយការដេញតាមចាប់របស់នគរបាល នេះបើយោងតាមក្រុមគ្រួសាររបស់ជនរងគ្រោះ ដែលបង្កឱ្យអាជ្ញាធរព្រួយបារម្ភថា បាតុកម្មអាចរីករាលដាលពាសពេញប្រទេស។
ខណៈដែលទុយនីស៊ី កំពុងរៀបចំប្រារព្ធខួបលើកទី១០ នៃបដិវត្តន៍ឆ្នាំ២០១១ ភាពតានតឹងបានកើនឡើងកាន់តែខ្លាំង ស្របពេលការតវ៉ា និងការអំពាវនាវរបស់សហជីព UGTT ដ៏មានឥទ្ធិពលមួយ ឱ្យសមាជិកចេញធ្វើកូដកម្មទូទាំងប្រទេសនៅខែក្រោយនេះ។

សាក្សីបាននិយាយថា ហ្វូងបាតុករនៅក្រុង Kairouan បានគប់ដុំថ្ម គ្រាប់បែកសាំង និងដុំភ្លើងដាក់នគរបាល ព្រមទាំងបានបិទផ្លូវដោយដុតសំបកកង់រថយន្ត ដែលជំរុញឱ្យនគរបាលចាត់វិធានការបំបែកហ្វូងមនុស្ស ដោយប្រើឧស្ម័នបង្ហូរទឹកភ្នែក។
ភាពតានតឹងយ៉ាងកម្រោលនេះ បានកើតឡើងបន្ទាប់ពីក្រុមគ្រួសារជនរងគ្រោះបាននិយាយថា បុរសដែលបានស្លាប់រូបនេះ ជិះម៉ូតូដោយគ្មានបណ្ណបើកបរ ហើយត្រូវបាននគរបាលដេញតាមពីក្រោយ វាយដំ និងបញ្ជូនទៅមន្ទីរពេទ្យ ក្រោយមកក៏បានស្លាប់ដោយសាររបួសធ្ងន់ធ្ងរ។ សាច់ញាតិរបស់អ្នកស្លាប់បាននិយាយថា ពួកគេនឹងមិននៅស្ងៀមទេ ហើយនឹងជំរុញឱ្យមានការតវ៉ាធំៗ ប្រសិនបើអ្នកទទួលខុសត្រូវក្នុងការស្លាប់នេះ មិនបានទទួលទោសទេនោះ៕
