នគរបាលអូស្ត្រាលី បាននិយាយនៅថ្ងៃអាទិត្យ (១៤ ធ្នូ) នេះថា មនុស្ស ២នាក់ ត្រូវបានឃុំខ្លួន បន្ទាប់ពីមានរបាយការណ៍អំពីការបាញ់ប្រហារ និងអ្នករងរបួស នៅឆ្នេរ Bondi នៃទីក្រុងស៊ីដនី។ នគរបាលរដ្ឋ New South Wales បាននិយាយក្នុងសារមួយ បង្ហោះនៅលើបណ្ដាញសង្គម X ថា “ប្រតិបត្តិការនគរបាលកំពុងបន្ត ហើយអាជ្ញាធរបន្តជំរុញឱ្យប្រជាជនជៀសវាងតំបន់នោះ”។

សារព័ត៌មាន Sydney Morning Herald បាននិយាយថា មនុស្សជាច្រើនបានរងរបួស ខណៈបណ្តាញទូរទស្សន៍ Sky និង ABC បានចាក់ផ្សាយវីដេអូ ដែលបង្ហាញឱ្យឃើញមនុស្សដេកដួលនៅលើដី។
របាយការណ៍សារព័ត៌មាន New York Times សម្អាងដល់សេវាសង្រ្គោះបន្ទាន់រដ្ឋ New South Wales បានឱ្យដឹងនៅថ្ងៃអាទិត្យដដែលនេះថា មនុស្សយ៉ាងតិច ១០នាក់ បានរងរបួស បន្ទាប់ពីខ្មាន់កាំភ្លើងបើកការបាញ់ប្រហារលើហ្វូងមនុស្ស ដែលកំពុងចូលរួមព្រឹត្តិការណ៍មួយនៅឆ្នេរទីក្រុងស៊ីដនីមួយនេះ។
វីដេអូដែលកំពុងត្រូវបានចែកចាយពាសពេញគេហទំព័របណ្ដាញសង្គម X ហាក់ដូចជាបង្ហាញឱ្យឃើញ ហ្វូងមនុស្សនៅលើឆ្នេរ Bondi នាំគ្នារត់យ៉ាងវឹកវរ ពេលដែលស្នូរកាំភ្លើងជាច្រើនគ្រាប់បន្លឺឡើង ហើយសំឡេងស៊ីរ៉ែនរបស់នគរបាលអាចត្រូវបានឮនៅក្នុងវីដេអូនោះផងដែរ។ ពុំទាន់មានការផ្ទៀងផ្ទាត់ផ្លូវការលើវីដេអូនោះបានភ្លាមៗទេ៕


