អត្ថបទបែបវិភាគរបស់សារព័ត៌មាន AP បាននិយាយនៅថ្ងៃអាទិត្យ (១៤ ធ្នូ) នេះថា ទំនោរមើលងាយជនអន្តោប្រវេសន៍ និងអ្នកដែលមានឫសគល់ជាជនអន្តោប្រវេសន៍ កំពុងកើនឡើងខ្លាំងនៅចក្រភពអង់គ្លេស និងទូទាំងទ្វីបអឺរ៉ុបទាំងមូល ខណៈបញ្ហានេះបានជំរុញរបៀបវារៈនយោបាយ ដោយនាំឱ្យមានគោលនយោបាយប្រឆាំងជនអន្តោប្រវេសន៍កាន់តែតឹងរ៉ឹង។
នៅប្រទេសអឺរ៉ុបមួយចំនួន គណបក្សនយោបាយដែលគាំទ្រការនិរទេសជនអន្តោប្រវេសន៍យ៉ាងច្រើន និងហៅអន្តោប្រវេសន៍ថាជាការគំរាមកំហែងដល់អត្តសញ្ញាណជាតិ កំពុងស្ថិតនៅលំដាប់កំពូល ឬជិតលេខរៀងកំពូលនៃការស្ទង់មតិ រួមមាន គណបក្សកំណែទម្រង់ចក្រភពអង់គ្លេស គណបក្សសម្ព័ន្ធភាពសម្រាប់អាល្លឺម៉ង់ និងគណបក្សរួបរួមកម្លាំងជាតិ ស្ដាំនិយមជ្រុលរបស់បារាំងជាដើម។

ដោយភាពតានតឹងកើនឡើងខ្លាំង បក្សសំខាន់ៗរបស់អឺរ៉ុប កំពុងចាត់វិធានការតឹងរ៉ឹងជាងមុនលើការធ្វើអន្តោប្រវេសន៍ ហើយពេលខ្លះប្រើភាសាបែបបំបែកបំបាក់អំពីពូជសាសន៍ទៀតផង។ អន្តោប្រវេសន៍បានកើនឡើងយ៉ាងខ្លាំងក្នុង ១ទសវត្សរ៍កន្លងមកនេះ នៅប្រទេសអឺរ៉ុបមួយចំនួន ដែលជំរុញដោយផ្នែក មកពីអ្នកស្វែងរកសិទ្ធិជ្រកកោនរាប់លាននាក់ ដែលភៀសខ្លួនទៅអឺរ៉ុប ក្រោយគេចចេញពីជម្លោះនៅអាហ្វ្រិក មជ្ឈិមបូព៌ា និងអ៊ុយក្រែនជាដើម។
ស្ថិតិរបស់រដ្ឋាភិបាលចក្រភពអង់គ្លេសបង្ហាញថា នគរបាលនៅដែនដីអង់គ្លេស និងវែលស៍ បានកត់ត្រាឧក្រិដ្ឋកម្មស្អប់ខ្ពើមផ្នែកពូជសាសន៍ជាង ១១៥,០០០ ករណី គិតត្រឹមខែមីនា ឆ្នាំ២០២៥។ នៅអៀរឡង់ និងហូឡង់ ក្រុមបាតុករតែងតែធ្វើបាតុកម្មនៅខាងក្រៅសហគមន៍នានា ដែលស្នើឱ្យមជ្ឈមណ្ឌលសិទ្ធិជ្រកកោនថ្មី។ នៅទូទាំងទ្វីបអឺរ៉ុប ចំណុចសំខាន់នៃការតវ៉ា គឺសណ្ឋាគារ និងលំនៅដ្ឋានផ្សេងទៀតសម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោន៕

