អ៊ុយក្រែន៖ ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន កំពុងបង្ខំឱ្យប្រជាជនអ៊ុយក្រែនជាច្រើនចាកចេញពីលំនៅឋានរបស់ពួកគេ ដើម្បីស្វែងរកទីជម្រកមានសុវត្ថិភាពដោយឈរតម្រង់ជួរគ្នាវែងៗនៅតាមព្រំដែន ហើយផលវិបាកផ្នែកមនុស្សធម៌ធ្ងន់ធ្ងរកំពុងលេចចេញជារូបរាងជាបណ្ដើរៗ។

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនលោក Filippo Grandi បាននិយាយកាលពីថ្ងៃសុក្រថា ជនជាតិអ៊ុយក្រែនជាង 50,000នាក់បានចាកចេញពីប្រទេសនេះក្នុងរយៈពេលតិចជាង 48ម៉ោង។ លោកបាននិយាយថា ភាគច្រើនបានភៀសខ្លួនទៅប៉ូឡូញ និងម៉ុលដាវី។ វីដេអូឃ្លីបដែលផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន បានបង្ហាញពីហ្វូងមនុស្សដ៏ច្រើនកកកុញនៅក្នុងស្ថានីយ៍រថភ្លើង Lvov ដែលកំពុងព្យាយាមភៀសខ្លួនទៅកាន់ប្រទេសប៉ូឡូញ ខណៈឆាកប្រយុទ្ធនៅក្នុងប្រទេសនេះរីកកាន់តែធំ។
ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិប៉ាន់ប្រមាណថា ជនជាតិអ៊ុយក្រែនប្រហែល 100,000នាក់ត្រូវបានបង្ខំឱ្យចេញពីប្រទេសរបស់ពួកគេរួចហើយដោយសារតែជម្លោះយោធានេះ៕
អត្ថបទ៖ សុខមាន